(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាមិនទាន់ភ្លេចទេថា កាលពីប៉ុន្មានខែមុន ក្រុមការងារមែកសឺដេស និងកំណប់អាថ៌កំបាំង បានផ្សព្វផ្សាយបង្ហាញអំពីអ្វីខ្លះ ក្នុងបេសកកម្មគាស់កកាយកំណប់ទេសចរណ៍អាថ៌កំបាំងលើកទី១ លើទឹកដីខេត្តពោធិ៍សាត់ ដោយក្នុងនោះឃើញថា តំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ សុទ្ធតែមានសក្តានុពលទាក់ទាញមិនធម្មតា ប៉ុន្តែនៅមានកំណប់ទេសចរណ៍មានតម្លៃជាច្រើនទៀត ដែលនឹងបើករនាំងបង្ហាញក្នុងដំណើរបេសកកម្មលើកទី២ នៅខេត្តកំពង់ស្ពឺ ទីដែលមានភ្នំដ៏ស្រស់ស្អាត និងខ្ពស់ជាងគេបំផុតនៅកម្ពុជា នាថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។
បើតាមលោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនស្ដារអូតូខេមបូឌា បានបញ្ជាក់ថា បេសកកម្មពិសេសលើកទី២នេះ ក្រុមការងារនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ដោយក្នុងនោះក្រុមបេសកកម្មនឹងទៅទស្សនា និងផ្សព្វផ្សាយពីផលិតផលត្នោត (ផលិតផលអត្តសញ្ញាណខេត្តកំពង់ស្ពឺ) ដែលមាននៅក្នុងសិប្បកម្មស្ករត្នោត ជាពិសេសក្រុមបេសកកម្មនឹងឡើងភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១,៨១៣ម៉ែត្រ កប់ពពកទល់មេឃ។
សូមជំរាបថា កាលពីដំណើររុករកតំបន់ទេសចរណ៍នៅព្រហ្មចារី នៅខេត្តពោធិ៍សាត់ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ជាមួយការចូលទស្សនាខ្សែវីដេអូ ការចូលអានព័ត៌មាន និងការចែករំលែកព័ត៌មានក្នុងកម្មវិធីព័ត៌មាន ក្នុងគណនី Facebook និងក្នុងគេហទំព័ររបស់សារព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិច Thmey Thmey ក៏ដូចជាគេរបស់ ក្រុមហ៊ុនស្ដារអូតូខេមបូឌា។ លើសពីនេះបន្ទាប់ពីការពុះជ្រែកឧបសគ្គរុករកតំបន់ទេសចរណ៍ និងការផ្សព្វផ្សាយព័ត៌មានជាហូរហែមក ឃើញថាមានភ្ញៀវទេសចរមួយចំនួន បានអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងទាំងនោះ។
សមិទ្ធផលទាំងអស់នេះ បានស្ដែងចេញឡើងបន្ទាប់ពីមានកិច្ចសហការគ្នារវាងក្រុមហ៊ុនស្ដារអូតូខេមបូឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តទំនើបជាងគេនៅកម្ពុជា Mercedes-Benz រួមជាមួយអង្គភាពព័ត៌មាន Fresh News និងអង្គភាពសារព័ត៌មានអេឡិចត្រូនិច ThmeyThmey ដែលបានឯកភាពគ្នាបង្កើតក្រុមប្រតិបត្តិការពិសេសមួយ មានឈ្មោះថា «មែកសឺដេស និងកំណប់អាថ៌កំបាំង»។
ការបង្កើតក្រុមបេសកកម្មខាងលើនេះ ក្នុងគោលបំណងដើម្បីចេញប្រតិបត្តិការពុះជ្រែកឧបសគ្គគាស់កកាយ និងរុករកតំបន់ទេសចរណ៍នៅព្រហ្មចារីថ្មីៗ ដែលនៅរាយប៉ាយពាសពេញ ដែនដីសុវណ្ណភូមិ នៃប្រទេសកម្ពុជា ហើយគ្មានមនុស្សស្គាល់ ឬមានមនុស្សតិចបំផុតដែលបានស្គាល់ យកមកផ្សព្វផ្សាយបង្ហាញប្រិយមិត្ត ពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទស្សនាឃើញច្បាស់ និងអន្ទងចិត្តបញ្ចុះបញ្ចូលឲ្យពួកគេឲ្យរីករាយ ក្នុងការធ្វើដំណើរទៅទស្សនានៅទីនោះជាបន្តបន្ទាប់ សំដៅពង្រីកសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅកម្ពុជា ឲ្យកាន់តែមានសកម្មភាពរស់រវើក៕