(ថៃ)៖ ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនថៃឈ្មោះ Sun Food International Co.,Ltd នៅខេត្តសារ៉ាក់បុរី ប្រទេសថៃ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោតសរសើរចំពោះថៅកែក្រុមហ៊ុនថៃ ដែលបានយកចិត្តទុកដាក់ចំពោះពលករកម្ពុជា ដោយភាពល្អប្រសើរនេះ មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយភាគីថៃ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥។
ភាគីក្រុមហ៊ុនថៃបានលើកឡើងថា ៥ឆ្នាំមុន ក្រុមហ៊ុនទទួលពលករបរទេសឲ្យធ្វើការចំនួន ២០០នាក់ សម្រាប់បច្ចុប្បន្នក្រុមហ៊ុនមានពលករបរទេសជាង ១,៩០០នាក់ ក្នុងនោះមានពលករថៃ ឡាវ និងកម្ពុជា ក្នុងចំណោមនោះពលករកម្ពុជាមានចំនួនច្រើនជាងគេ ១,៧៣០នាក់។ លក្ខខណ្ឌដែលក្រុមហ៊ុនទទួលពលករកម្ពុជាឲ្យចូលធ្វើការច្រើនជាងគេ ដោយសារពលករកម្ពុជាមានលក្ខណសម្បត្តិល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ ហើយពួកគេបានបង្រៀនភាសាខ្មែរដល់ខាងក្រុមហ៊ុនផងដែរ។ ជាការវាយតម្លៃ ក្រុមហ៊ុនពិតជាមានការពេញចិត្តចំពោះឥរិយាបថរបស់ពលករកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជំរុញចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនឲ្យមានភាពរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋមន្រ្តីបានថ្លែងថា ជំនួបជាមួយក្រុមហ៊ុនថៃនេះ បានទាក់ទងទាំងអ្នកវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនវិនិយោគយ៉ាងច្រើន នៅក្នុងខេត្តមួយនេះ ក្នុងនោះលោកបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានរៀបចំ និងអនុញ្ញាតឲ្យពលករកម្ពុជាចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងលោកផងដែរ។ បន្ទាប់ពីការបានឃើញពីការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន លោកបានកោតសរសើរចំពោះក្រុមហ៊ុនដែលបានរៀបចំលក្ខខណ្ឌការងារល្អប្រសើរ មានបទដ្ឋានខ្ពស់ មានកន្លែងអនាម័យប្រកបដោយស្តង់ដារ ដែលនេះជាការយកចិត្តទុកដាក់ ចំពោះពលកម្មបរទេសដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។
ជាងនេះទៀត ការយកចិត្តទុកដាក់ ពីសំណាក់ក្រុមហ៊ុនថៃចំពោះពលករកម្ពុជានេះ គឺក្រោយពីរាជរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងឆ្នាំ២០១៣ និងចុះអនុស្សរណៈជាថ្មីម្តងទៀត ក្នុងឆ្នាំ២០១៥។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី២ ដែលមានពលករកំពុងធ្វើការនៅប្រទេសថៃចំនួន ១លាន៥ម៉ឺននាក់ បន្ទាប់ពីភូមា បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងសហការជាមួយប្រទេសថៃ ដើម្បីផ្តល់ឯកសាស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរ៕