(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិប្រទេសបារំាង សម្រាប់ការស្រាវជ្រាវជំងឺអេដស៍ និងជំងឺរលាកថ្លើម ( ANRS ) បានប្ដេជ្ញាជួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យបានជោគជ័យ ក្នុងទិសដៅ «៩៥-៩៥-៩៥» នៅឆ្នាំ២០២០ខាងមុខ។
លោកសាស្រ្ដាចារ្យ Francois DABIS នាយកអង្គការ ANRS បានថ្លែងក្នុងកិច្ចជំនួប រវាងរដ្ឋមន្រី្ដក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នាទីស្ដីការក្រសួងសុខាភិបាល ថា ANRS នឹងបន្ដជួយក្នុងកិច្ចការស្រាវជ្រាវជំងឺអេដស៍ ឲ្យបានជោគជ័យ ក្នុងទិសដៅ «៩៥-៩៥-៩៥ »នៅឆ្នាំ២០២០ និងជួយថែទាំ និងព្យាបាលអ្នកជំងឺរលាកថ្លើមប្រភេទ C ពិសេសផ្ដល់ការបណ្ដុះបណ្ដាល និងថវិកាដល់និស្សិត បន្ដសិក្សានៅប្រទេសបារំាង ក្នុងកិច្ចការស្រាវជ្រាវលើជំងឺទាំងនេះ ។
ទន្ទឹមនឹងនោះ ANRS ក៏បានថ្លែងកោតសរសើរ លើការដឹកនាំដ៏ល្អ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ហើយក៏សម្ដែងនូវការសប្បាយរីករាយ ដោយឃើញកម្ពុជាមានការរីកចម្រើនជាច្រើន ទាំងគុណភាពសេវាព្យាបាលជំងឺ ធនធានមនុស្សលើការព្យាបាល និងការស្រាវជ្រាវខ្មែរជំនាន់ក្រោយ ដែលឃើញពូកែច្រើន ទាំងក្នុងការប្រើប្រាស់ទិន្ន័យសិក្សាស្រាវជ្រាវ អនុវត្ដន៍ជាកម្មវិធី ក្នុងការទប់ស្កាត់ជំងឺអេដស៍នៅកម្ពុជា ពិសេសនោះ ដែលថ្មីៗនេះ កម្ពុជាបានទទួលជយលាភីជាប្រទេសមួយ ក្នុងចំណោម៧ប្រទេស ដែលបានសម្រេចជោគជ័យនូវគោលដៅ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងទិសដៅ ៩០-៩០-៩០ ។
ANRS ក៏ជំរុញឲ្យកម្ពុជា ចូលរួមក្នុងការសិក្សាស្រាវជ្រាវ ជាមួយអ្នកវិទ្យាសាស្ដ្រជំនាញៗលើពិភពលោក ក្នុងរកវិធីសាស្រ្ដព្យាបាលជំងឺអេដស៍ ឲ្យជាដាច់១០០% តែម្ដង ដោយពេលមិនទាន់មានថ្នាំណាដែលអាចព្យាបាលជំងឺអេដស៍នេះ ឲ្យជាសះស្បើយនៅឡើយទេ។
ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ ភាគីបារាំង ក្នុងការជួយគាំទ្រ និងឧបត្ថម្ភកន្លងមក ពិសេសផ្ដល់ការបណ្ដុះបណ្ដាល និងថវិកាដល់និស្សិត បន្ដសិក្សានៅប្រទេសបារំាង រហូតដល់កម្រិតបណ្ឌិត និងផ្ដល់ថវិកាដល់ការអនុវត្ដន៍គម្រោងស្រាវជ្រាវនៅកម្ពុជា តំាងពីឆ្នាំ២០០៤មក ហើយមកទល់នឹងបច្ចុប្បន្ននេះ គឺ ANRS បានជួយក្នុងវិស័យសុខាភិបាលជាង៣០គម្រោងហើយ។ រដ្ឋមន្ដ្រី ក៏បានស្នើសុំឲ្យភាគីបារាំង បន្ដការគាំទ្រ និងបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ លើការងារស្រាវជ្រាវ និងព្យាបាលអ្នកជំងឺនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប ANRS នឹងជួយបន្ថែមទៀត ទាំងថវិកា ក្នុងការស្រាវជ្រាវ ទាំងបញ្ជូនអ្នកបច្ចេកទេសសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ពិសេសក្នុងការសម្រេចជោគជ័យ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នេះ ក្នុងទិសដៅ«៩៥-៩៥-៩៥ នៅឆ្នាំ២០២០ ។
ទិសដៅ ៩៥-៩៥-៩៥ គឺមាន៖
*ដំណាក់កាលទី១៖ ត្រូវកំណត់ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្នុងប្រទេសឲ្យបាន៩៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍សរុប។
*ដំណាក់កាលទី២៖ ត្រូវព្យាបាលអ្នកផ្ទុកមេរោគអេដស៍ឲ្យបាន៩៥% នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ ដែលបានរកឃើញខាងលើ។
*ដំណាក់កាលទី៣៖ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ដែលទទួលបានការព្យាបាលខាងលើ រដ្ឋត្រូវសម្រេចឲ្យបានលទ្ធផល ៩៥% ដែលពិនិត្យមើលទៅសឹងតែគ្មានកំហាប់ នៃមេរោគអេដស៍ ក្នុងរាង្គកាយអ្នកផ្ទុក៕