(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៨១៩គ្រឿង រកឃើញល្មើសច្បាប់៨០៤គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ៥១៣គ្រឿង និងផាកពិន័យ២៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៦៦គ្រឿង អប់រំ២១១គ្រឿង និងផាកពិន័យចំនួន១៨៩គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៥៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២៤,៤៣៩គ្រឿង រកឃើញយានយន្តល្មើស ២១,២៧៧គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៧,៨២០គ្រឿង និងផាកពិន័យ ១៣,៤៥៧គ្រឿង (ម៉ូតូ៩១ភាគរយ)៕