(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ប្រសិនបើអ្នកបើកបរតាមដងផ្លូវសាធារណៈគ្មានស្មារតីគោរពច្បាប់ចរាចរណ៍ទេនោះ បើទោះបីមានការរឹតបន្ដឹងច្បាប់យ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកើតមាន។
ការលើកឡើងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ពួកគាត់អ្នកប្រើម៉ូតូ អ្នកប្រើប្រាស់ផ្លូវ អ្នកប្រើប្រាស់ឡានទាំងអស់ហ្នឹង បើសិនណាជាគាត់គ្មានស្មារតីគោរពច្បាប់ទេ ចង់យើងធ្វើមិចក៏នៅតែគ្រោះថ្នាក់ អីចឹងទេកាលដែលយើងយកចិត្តទុកដាក់ ដើម្បីនឹងប្រមូលផ្ដុំផ្សព្វផ្សាយ អប់រំច្បាប់នេះ គឺជាការត្រឹមត្រូវហើយ ដែលទិសដៅក៏មានរំលឹកអំពីបញ្ហានេះដែរ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បន្ថែមថា ក្រៅពីបញ្ហាទាំងអស់នេះ ក៏នៅមានបញ្ហារួមផ្សំផ្សេងទៀតផងដែរ ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជាការផ្សព្វផ្សាយអប់រំមិនទាន់បានទូលំទូលាយ ការរឹតបន្ដឹងច្បាប់មិនទាន់មាននិរន្ដភាព មិនទាន់ម៉ឺងម៉ាត់ មិនទាន់ព្រមៗគ្នា ឬនៅខ្លាចប៉ះពាល់អារម្មណ៍របស់ប្រជាជន ការរក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវមិនទាន់បានល្អប្រសើរ និងការផ្លាកសញ្ញាតាមដងផ្លូវ មិនទាន់បានគ្រប់គ្រាន់។ល។
ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានគូសបញ្ជាឲ្យមន្ដ្រីអនុវត្តច្បាប់ ត្រូវតែបង្កើនប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានសកម្ម និងម៉ឺងម៉ាត់ និងមាននិរន្ដភាព ដើម្បីបង្ខំឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ កែប្រែឥរិយាបថ គោរពប្រតិបត្តិច្បាប់គ្រប់ៗគ្នា។
ក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងលើកទិសដៅបន្តឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានផ្តល់នូវលិខិតសរសើរជូនស្ថាប័នជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីអនុវត្តន៍ច្បាប់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងស្ថាប័នព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយ ជំរុញនិងអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានភាពល្អប្រសើរផងដែរ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ពេញ១ឆ្នាំ២០១៧ កើតឡើង៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦៕