(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុប (Euro Cham) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តួចផ្តើមដោយទីភ្នាក់ងារ ឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានបង្ហាញនូវលក្ខខណ្ឌការងារ របស់ក្រុមហ៊ុននានា នៅក្នុងសភាពាណិជ្ជកម្មអឺរ៉ុប ឱកាសការងារ ឬកម្មសិក្សាការចែករំលែក នូវបទពិសោធន៍ការងារ ដល់នៃបុគ្គលិកឆ្នើមក្នុងការតម្រង់ទិសក្នុងទីផ្សារការងារដល់និស្សិត ដែលទើបបញ្ចប់ការសិក្សាថ្មី។
លោកសាស្ត្រាចារ្យបណ្ឌិត ម៉ែន សារ៉ុម សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីអំពីការងារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានផ្តាំផ្ញើរឲ្យប្អូនៗនិស្សិតក្តាប់ ឲ្យបាននូវឱកាសដ៏ល្អនេះ និងស្វែងយល់អំពីក្រុមហ៊ុនក៏ដូចជារៀនសូត្រ ពីរៀមច្បងនូវបទពិសោធន៍នានា ដើម្បីធ្វើជាទុនក្នុងការស្វែងរកការងារនាពេលខាងមុខ។ ដោយមានការចូលរួមសំណាក់និស្សិត និងបុគ្គលិកក្រុមហ៊ុននានាប្រមាណជាង២០០នាក់ ក្នុងជំនួបសហគ្រិន និងអតីតនិស្សិតស្តីអំពីការងារក្នុងមុខជំនាញកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
តំណាងក្រុមហ៊ុនចំនួន៤ ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងផលិតកម្មរួមមានក្រុមហ៊ុន Confirel Co. Ltd, Vergers du Mekong, SOCFIN KCD និងក្រុមហ៊ុន Sethavitou Notary Public។ វាគ្មិនជាច្រើនជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញនូវប្រវត្តិ នៃការសិក្សា និងការងាររបស់ខ្លួនដែលសុទ្ធតែជាបទពិសោធន៍ល្អៗ សម្រាប់ប្អូនៗ និស្សិត និងបង្ហាញនូវឱកាសការងារ កម្មសិក្សាសម្រាប់ប្អូនៗ ដែលចង់ធ្វើកម្មសិក្សា និងបំរើការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួននាពេលអនាគត។
មុននឹងបញ្ចប់កម្មវិធីនិស្សិត និងវាគ្មិនក៏បានជួបគ្នាជាក្រុមៗដើម្បីសួរនាំអំពីព័ត៌មានបន្ថែម និងទទួលយកប្រវត្តិរូប CV របស់និស្សិតដែលចាប់អារម្មណ៍ ក្នុងការងារតាមក្រុមហ៊ុនដែលមានវត្តមាននាពេលនោះ៕