(ភ្នំពេញ)៖ នៅទីបំផុតទៅ! លោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាឃុំខ្លួន នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលផ្ទុះអាវុធពេលចុះបង្ក្រាបសង្វៀនជល់មាន់ បណ្តាលឲ្យចំបុរសម្នាក់ស្លាប់ ដាក់ពន្ធនាគារ ក្រោមបទចោទ «មនុស្សឃាតដោយអចេតនា»។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា លោកចៅក្រមបានចេញដីកាឃុំខ្លួនមន្រ្តីនគរបាលរូបនេះ ដាក់ពន្ធនាគារ PJ ដើម្បីរង់ចាំការកាត់ទោសនៅពេលក្រោយទៀត។
កាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅ បានសម្រេចចោទប្រកាន់មន្ដ្រីនគរបាលរូបនេះ ពីបទ «មនុស្សឃាតដោយអចេតនា» តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ហើយបទចោទប្រកាន់នេះ អាចនឹងប្រឈមការជាប់ពន្ធនាគារពី ០១ (មួយ)ឆ្នាំ ទៅ០៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។
សូមជម្រាបថា មន្រ្តីនគរបាលរូបនេះ មានឈ្មោះ ចន វិរៈ មានឋានន្តរស័ក្តិអនុសេនីយ៍ត្រី (ស័ក្តិ១) បម្រើផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ (បាញ់ឡើង) ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងទៅលើជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារ ដល់គ្រួសារសពជនរងគ្រោះ ហើយឲនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ និងចូលរួមបុណ្យសពចំនួន២លានរៀល, អភិបាលខណ្ឌលោក ហែម ដារិទ្ធ ចំនួន១០០ដុល្លា, លោក ឃឹម ស៊ុនសូដា ចំនួន១០០ដុល្លារ, លោក យឹម សារ៉ាន់ អធិការខណ្ឌចំនួន៥០០ដុល្លារ ព្រមទាំងមន្រ្តីនគរបាលផ្សេងទៀតផងដែរ ដល់ក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យជូនជនរងគ្រោះ៕