(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះជំនាញនានា ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខណ្ឌ បានណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជា៖ ទី១-ការងារអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ត្រូវបន្តធ្វើវេទិកាសាធារណៈឲ្យបានជាប់ជាប្រចាំ, ទី២-យកចិត្តទុកដាក់បង្ការ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន, ទី៣-យកចិត្តទុកដាក់ការងារអនាម័យបរិស្ថាន តាមដងផ្លូវ ជាពិសេសផ្លូវសំខាន់ៗនានា និងធ្វើការផាកពិន័យតាមផ្លុវច្បាប់ចំពោះការចោលសំរាមពាសវាលពាសកាល និងទី៤-ពង្រឹងការអនុវត្តការងាររដ្ឋបាល បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
លោកអភិបាលខណ្ឌដង្កោ បានប្រាប់ទៅមន្ត្រីរាជការសាធារណៈទាំងអស់ ត្រូវអនុវត្តអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់»៕