(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ ចិនបានឯកភាពទិញអង្ករចំនួន៣សែនតោន ពីប្រទេសកម្ពុជា ក្នុងឆ្នាំនេះ។
លោកបញ្ជាក់ទៀតថា នៅឆ្នាំនេះ ក្រសួងពាណិជ្ជកម្មក៏គ្រោងនឹងចុះពិភាក្សា និងបើកទីផ្សារថ្មី ដែលមានឈ្មោះថា សហព័ន្ធអឺរ៉ុបអាស៊ី (EEU) ដែលជាសហព័ន្ធដែលមាន៥ប្រទេសជាអតីតសមាជិកសូវៀត។
លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងទៀតថា «សម្រាប់ទីផ្សារថ្មីនេះខ្ញុំក៏សង្ឃឹមថា នឹងអាចលក់ដូរត្រឹមតែស្រូវអង្ករប៉ុណ្ណោះទេ ប៉ុន្ដែអាចលក់បាននូវវត្ថុផ្សេងៗទៀត ដែលជាសមិទ្ធផលរបស់ប្រទេសកម្ពុជា»។
លោកបញ្ជាក់ថា សម្រាប់ការនាំចេញអង្ករ ទៅបណ្ដាប្រទេសផ្សេងៗ មិនមានជាបញ្ហា ឬឧបសគ្គចោទនោះទេ តែជាការខិតខំប្រឹងប្រែងបន្ថែម ដូចជាភ្លៀងរលឹមចឹងដែរ ព្រោះថាកម្ពុជាត្រូវការរចនាសម្ព័ន្ធ, ចំណេះចេះដឹង និងឲ្យមានផលិតភាព ព្រោះជាអ្វីដែលយើងត្រូវជំរុញផលិតភាពរបស់ប្រជាកសិករ។ ក្នុងនោះដែរ ក្រសួងបានអប់រំផ្សព្វផ្សាយ ក៏ដូចជាបង្កើតទំនើបកម្មដូចជាមានគ្រឿងចក្រ, ឡសម្ងួត ដើម្បីរៀបចំរចនាសម្ព័ន្ធ ជារូបវន្ដទាំងអស់ ដើម្បីជាការនាំចេញ ហើយយើងក៏សង្ឃឹមថា ក្នុងឆ្នាំ២០១៨នេះ នឹងមានផ្លែផ្កាល្អជាងមុនៗ។
សូមបញ្ជាក់ថា តាមទិន្នន័យផ្លូវការ ដែលទទួលបានពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានឲ្យដឹងថា នៅឆ្នាំ២០១៧ អង្កររបស់កម្ពុជាយើងបាននាំទៅកាន់៦០ប្រទេស នៅលើពិភពលោក ស្មើនឹងចំនួនសរុបជាង៦៣ម៉ឺនតោន កើនឡើង១៧.៣ភាគរយបើធៀបនឹងឆ្នាំ២០១៦ មានត្រឹមតែជាង៥៤ម៉ឺនតោនប៉ុណ្ណោះ។
ប្រទេសចិនបានក្លាយប្រទេសទិញអង្ករពីកម្ពុជាច្រើនជាង នៅឆ្នាំ២០១៧ ចិនបានទិញអង្ករពីកម្ពុជាប្រមាណ២០ម៉ឺនតោន៕