(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុះក្រោយបំផុត ទៅដល់ដៃរបស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានទទួលនូវប័ណ្ណសរសើរ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ អប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

ការផ្តល់ប័ណ្ណសរសើរជូនអង្គភាពព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដែលបានរៀបចំធ្វើឡើង​ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

អង្គភាពព័ត៌មាន Fresh News បានក្លាយជាអង្គភាពព័ត៌មានមួយ ក្នុងចំណោមស្ថាប័នព័ត៌មាន១៨ស្ថាប័ន ដែលទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកក្នុងការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា រួមមាន៖

១៖ អង្គភាពព័ត៌មាន Fresh News, ២៖ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក), ៣៖ស្ថានីយទូរទស្សន៍ និងវិទ្យុបាយ័ន, ៤៖ ស្ថានីយទូរទស្សន៍ហង្សមាស, ៥៖ស្ថានីយទូរទស្សន៍ CNC, ៦៖ ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ NTV, ៧៖ ស្ថានីយ៍ទូរទស្សន៍ NICE TV ៨៖ ស្ថានីយវិទ្យុជាតិ FM 96, ៩៖ ស្ថានីយវិទ្យុ ABC, ១០៖ ស្ថានីយ៍វិទ្យ NRG FM 89, ១១៖ស្ថានីយវិទ្យុជាតិ AM 918, ១២៖ ស្ថានីយវិទ្យុ FM 105.70, ១៣៖ ស្ថានីយវិទ្យុ 89.50, ១៤៖ ស្ថានីយវិទ្យុអប្សរា, ១៥៖ សារព័ត៌មាន កោះសន្តិភាព, ១៦៖ សារព័ត៌មានរស្មីកម្ពុជា, ១៧៖ សារព័ត៌មានកម្ពុជាថ្មី និង ១៨៖គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ តួយ៉ាងជារៀងរាល់ថ្ងៃនេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ និងសារអប់រំជាប្រចាំ អំពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជាការដាក់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលបើកយានយន្តតាមដងវិថីនោះ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលប័ណ្ណសរសើរពីគណៈអធិបតី ក្នុងកិច្ចប្រជុំខាងលើបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរជូន អង្គភាពព័ត៌មាន Fresh News។

នាយកប្រតិបត្តិវ័យក្មេងដដែលរូបនេះ បង្ហាញនូវឆន្ទៈរបស់ខ្លួនថា «ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវប័ណ្ណសរសើរ ដល់អង្គភាពព័ត៌មាន Fresh News នៅពេលនេះ។ Fresh News សូមប្តេជ្ញាថា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»។

លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «ប័ណ្ណសរសើរដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសរបស់ខ្ញុំទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកទាំងអស់ ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានជាង១០០នាក់»

សូមជម្រាបថា នេះជាប័ណ្ណសរសើរទី២ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រគល់ជូនអង្គភាពព័ត៌មាន Fresh News ដែលប័ណ្ណសរសើរទី១ Fresh News ទទួលបាននៅឆ្នាំ២០១៦។

ក្រៅពីនេះ អង្គភាពព័ត៌មាន Fresh News ធ្លាប់បានទទួលប័ណ្ណសរសើរពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ និង ទទួលបានលិខិតសរសើរពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចូលរួមផ្សព្វផ្សាយ នូវកម្មវិធីការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧៕