(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានអះអាងថា នៅក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងចេញអនុក្រឹត្យថ្មីមួយ ស្តីអំពីការបិទចំណាំងផ្លាត និងការដាក់ GPS លើរថយន្ដធំៗ ដើម្បីដឹងអំពីល្បឿន និងទម្ងន់ផ្ទុករបស់រថយន្ដ។
ការអះអាងយ៉ាងដូច្នោះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។
ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រសួងបានខិតខំប្រឹងប្រែងរៀបចំតាក់តែងអនុក្រឹត្យ អំពីការបិទចំណាំងផ្លាត និងការដាក់ GPS ដោយតម្រូវឲ្យរថយន្ដធំៗ ត្រូវតែបិទចំណាំងផ្លាតព័ន្ធជុំវិញឡាន ដើម្បីឲ្យអាចងាយស្រួលមើលឃើញនូវពេលយប់ ព្រោះថាសព្វថ្ងៃនេះ ឡានខ្លះគ្មានភ្លើងទេ ដែលវាងាយនឹងបង្កគ្រោះថា្នក់ចរាចរណ៍នៅពេលយប់។
រដ្ឋមន្រ្ដីក្រសួងសាធារណការ បានបញ្ជាក់ថា ការចាត់ចែងចេញជាច្បាប់អនុក្រឹត្យនេះ គឺដើម្បីឲ្យឡានទាំងនោះ បិទចំណាំងផ្លាតជុំវិញឡាន ដូច្នេះវានឹងងាយមើលឃើញ គ្រប់បែបយ៉ាងទាំងអស់ ហើយក៏វាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅពេលយប់ផងដែរ។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អះអាងយ៉ាងដូច្នោះថា «ដូច្នេះយើងខិតខំប្រឹងប្រែង រៀបចំតាក់តែងអនុក្រឹត្យនេះ នៅឆ្នាំ២០១៨ ម្យ៉ាងវិញទៀត វាមានបច្ចេកទេសថ្មី គឺយើងដាក់ GPS... ហើយក៏បានរៀបចំអនុក្រឹត្យរួចរាល់ផងដែរ ដាក់ GPS ឲ្យយើងដឹងទាំងល្បឿន ទាំងទម្ងន់»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី បានឲ្យដឹងដែរថា ទាក់ទិននឹងម៉ូតូដែលគ្មានមួក គឺក្រសួងបានចែកជូនជិត២ម៉ឺនមួកហើយ នៅឆ្នាំ២០១៧ រួចក៏នឹងបន្ដចែកទៀត ឲ្យបានរហូតដល់៥ម៉ឺនមួក នៅក្នុងឆ្នាំ២០១៨នេះ ដោយសារតែក្នុងដៃមានកញ្ចប់ថវិការួចជាស្រេច។
លោកទេសរដ្ឋមន្ដ្រី បានបន្ដទៀតថា «យើងខ្ញុំបានធ្វើកិច្ចការជាមួយផ្នែកឯកជន បានស្នើសុំឲ្យផ្នែកឯកជន ជួយបន្ដទិញមួកសុវត្ថិភាពនេះបន្ថែមទៀត ឥឡូវយើងបានមួកចំនួន២ម៉ឺន៧ពាន់បន្ថែមទៀត សរុបទៅបានចំនួនជាង៥ម៉ឺនមួក»។
ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ក្រសួងនឹងខិតខំប្រឹងប្រែងធ្វើចលនាបន្ថែមទៀត ក្នុងការរៀបចំស្នើសុំខាងផ្នែកឯកជន ឲ្យជួយបាន៥ម៉ឺនមួក ដែលនេះគឺជាវិធានការ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏យកឱកាសនោះ ដើម្បីផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផងដែរ៕