(ប៉ៃលិន)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលការតំណែង និងផ្ទេរភារកិច្ចលោក ចេង ញ៉ាន់ ជាអភិបាលរងខេត្តប៉ៃលិនថ្មី ជំនួសលោក អៀង វុធ ត្រូវផ្ទេរតំណែងជាអភិរងខេត្តកំពង់ឆ្នាំងវិញ។
លោក ប៉ុល លឹម បានសំដែងនូវការកោតសរសើចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ច លើគ្រប់វិស័យក្នុងខេត្តប៉ៃលិន ឲ្យមានការរីចចំរើនដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
លោក ប៉ុល លឹម បាន បានផ្តាំផ្ញើដល់អភិបាលរងខេត្តថ្មី ដែលទើបចូលកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់គ្រប់ពេលវេលាបំពេញភារកិច្ច ដោយអនុវត្តន៍ស្មារតី សាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ហើយត្រូវខិតខំស្វែងយល់ និងអនុវត្តន៍ឲ្យបានល្អ នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជាពិសេស គឺត្រូវយល់ច្បាស់ខ្លឹមសារ និងគោលបំណងទាំង៤ នៃយុទ្ធសាស្ត្រដំណាក់កាលទី៣ គឺកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើការ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយរលូនល្អ និងរីកចំរើនជាលំដាប់ ដោយមានច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងច្បាប់គោលមួយចំនួនទៀត ដូច្នេះអភិបាលរង ដែលបានតែងតាំងថ្មីនេះ ត្រូវប្រកាន់ ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួនត្រូវមានការទទួលខុសត្រូវខ្ពស់មានតម្លាភាព មានសាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានាយកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅកែទម្រង់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចេះសម្របសម្រួលបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋត្រូវធ្វើ ឲ្យបានទាន់ពេលវេលាហើយជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកធនធានមនុស្សឱ្យបានច្រើនដើម្បីធ្វើការអភិវឌ្ឍ ខេត្តប៉ៃលិន ឲ្យមានរីកចំរើនលើគ្រប់វិស័យទៅថ្ងៃអនាគត៕