(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានថ្លែងទទូច និងប្រាប់ទៅក្រុមហ៊ុនសំណង់ទាំងឡាយ ត្រូវរៀបចំដាក់ស្លាកសញ្ញា ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ទៅលើប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងការអំពាវនាវនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងបទបង្ហាញរបស់ខ្លួន បានឲ្យដឹងថា កន្លងទៅមានបញ្ហាបានកើតឡើង ដែលជាគ្រោះថ្នាក់ផ្សេងៗ ដោយសារក្រុមហ៊ុនសំណង់ទាំងនោះ ពុំបានគិតគូ និងដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវ ដូច្នេះចាប់ពីពេលនេះ ក្រុមហ៊ុនសំណង់ទាំងឡាយ ត្រូវរៀបចំ និងដាក់ស្លាកសញ្ញាឡើងវិញ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ។
បើតាមលោកទេសរដ្ឋមន្រ្តី សម្រាប់បញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ នៅមុនបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខនេះ ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ នឹងសហការគ្នាចុះពិនិត្យជាក់ស្តែង ហើយដោះស្រាយជូនប្រជាពលរដ្ឋ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ពេញ១ឆ្នាំ២០១៧ កើតឡើង៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦៕