(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះបានបញ្ជាក់ជាថ្មីម្តងទៀតថា នៅមុនបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ក្នុងខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងនឹងដាក់ឲ្យដំណើរការ នូវរថភ្លើងដឹកអ្នកដំណើរ ពីស្ថានីយរថភ្លើង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈកាណូតដឹកអ្នកដំណើរពីព្រែកព្នៅមកភ្នំពេញ និងពីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាលត្រូវដាក់ឲ្យដំណើរការផងដែរ។
ការបញ្ជាក់ពីគម្រោងនេះ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ។
បើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រថភ្លើងចំនួន៣គ្រឿងដែលបញ្ជាទិញពីប្រទេសម៉ិចស៊ិក នឹងមកដល់កម្ពុជា នៅខែមីនា ឆ្នាំ២០១៨នេះ។ ចំណែកឯកាណូត ដឹកអ្នកដំណើរវិញ ត្រូវដាក់ឲ្យដំណើរការ ចំនួន២គ្រឿងផងដែរ។
លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការដាក់ដំណើរការរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិនេះ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល៣ខែ ដោយឥតគិតថ្លៃ។
លោកថា ការដាក់ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះនេះ នឹងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវចេញចូលព្រលានយន្តហោះផងដែរ។
បើតាមលោកទេសរដ្ឋមន្រ្តី ការដំណើរតាមរថភ្លើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឬ ពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវចំណាយពេលប្រមាណ២០ ទៅ ២៥នាទី។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។
ក្រៅពីការប្រកាសដាក់ឲ្យដំណើរការ រថភ្លើងទៅកាន់ព្រលានយន្តហោះហើយនោះ លោក ស៊ុន ចាន់ថុល បានប្រកាសដែរថា ការធ្វើដំណើរតាមផ្លូវទឹកពីព្រែកព្នៅ មកកាន់រាជធានីភ្នំពេញ និងឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏គ្រោងនឹងដាក់ឲ្យដំណើរការ នៅមុនពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មានកំពង់ផែចំនួន ១៥ទីតាំង ត្រូវបានរៀបចំសម្រាប់ឲ្យការណូតចូលសំចតដឹកអ្នកដំណើរ។ កំពង់ផែទាំង ១៥ទីតាំងនោះរួមមាន៖
* រាជធានីភ្នំពេញ
- ទី១៖ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)
- ទី២៖ គីឡូម៉ែត្រលេខ៦
- ទី៣៖ ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី
- ទី៤៖ ផែបណ្ដែតមុខផ្សាររាត្រី
- ទី៥៖ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ
- ទី៦៖ ភូមិដើមចាន់ ឬគល់ស្ពានក្បាលថ្នល់ខាងកើត
- ទី៧៖ ចំណតរថយន្តចាក់អង្រែក្រោម
- ទី៨៖ បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់
- ទី៩៖ ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប)
- ទី១០៖ ជាប់សណ្ឋាគារសុខាភ្នំពេញ
- ទី១១៖ ភូមិកោះនរា
- ទី១២៖ កំពង់ចម្លងក្តីតាកុយ
- ទី១៣៖ កំពង់ចម្លងតាព្រហ្មមាត់ក្រសះ
* ខេត្តកណ្តាលៈ
- ទី១៖ មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)
- ទី២៖ កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី