កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌដង្កោ
24-01-2018 16:30
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ កន្លែងដាំត្រកួន ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានជនជាតិវៀតណាម ចំនួន៨នាក់ ក្នុងនោះស្រី៥នាក់ ដែលលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៨នាក់នោះ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕