(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រ​រុស្ស៊ីធុន Mi-171A2 ដែលមាន​សមត្ថភាពចំរុះ​​ដ៏ទំនើប បានឆ្លងកាត់​ការធ្វើតេស្តដោយ​ជោគជ័យ នៅក្រោម​លក្ខ​ខណ្ឌ​​​​អាកាសចុះត្រជាក់​យ៉ាងខ្លាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ពុធ ទី​២៤ ខែមករា ឆ្នាំ២០១៨។

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រុមហ៊ុន Rostec ការធ្វើតេស្ត​សមត្ថភាព នៃឧទ្ធម្ភាគចក្រ​សមត្ថភាព Mi-171A2 ប្រភេទ​ថ្មី​​បំផុត បានប្រព្រឹត្ត​ទៅដោយ​ជោគជ័យ នៅក្នុង​តំបន់ Yukutia ភាគខាងកើត​ប្រទេស​រុស្ស៊ី ដែលមានកម្រិត​សីតុណ្ហភាព -៥០អង្សា​សេ​ក្រោមសូន្យ។

គួរជម្រាបថា បើតាមប្រភព​ព័ត៌មាន​ដដែល ឧទ្ធម្ភាគចក្រ mi-171A2 ចំនួន ០២គ្រឿង បានធ្វើតេស្ត​សាកល្បង​របៀប Ground Run (នៅពេលម៉ាស៊ីន​ឧទ្ធម្ភាគចក្រ ត្រូវបញ្ឆេះឡើង ដោយពុំមានការ​ហោះឡើងនោះ​ឡើយ) ចំនួន ០៨លើក រួមជាមួយ​ការ​តេស្តហោះ​ហើរ​៣៦លើក តាមកម្មវីធីពិសេស​លើប្រព័ន្ធ​កុំព្យូទ័រ។ លទ្ធផល​នៃការធ្វើតេស្ត បានបង្ហាញ​ភស្តុតាងថា ប្រព័ន្ធនឹងឧបករណ៍​​នានា​នៃ​ឧទ្ធម្ភាគចក្រ Mi-171A2 អាចធ្វើប្រតិបត្តិការ​បាន នៅក្នុងលក្ខខណ្ឌ​អាកាសដ៏លំបាកៗ​បំផុត៕