(ភ្នំពេញ)៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន LTC បានរេចង្កូតបុកចូលស្នាក់ការសន្តិសុខរបស់ សិប្បកម្ម លីតាក់ ផលិតស័ង្កសី និងថ្មម៉ាប បណ្តាលឲ្យបាក់របងក្រុមហ៊ុន១ដើម និងខ្ទេចស្នាក់ការសន្តិសុខស្ទើរទាំងស្រុង ព្រមទាំងខូចខាតបង្គោលបង្ហាញល្បឿន ចរាចរណ៍ដែលនៅក្បែរនោះមួយដើម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសិប្បកម្មលីតាក់ ផលិតស័ង្កសី និងថ្មម៉ាបតាមបណ្តោយផ្លូវ៥៩៨ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីយុនដាយពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប 3A-0774។ នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញប័ណ្ណបើកបរ ដែលមានឈ្មោះ ហេង ប៊ុនថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។
សន្តិសុខឈ្មោះ ធី យឿន អាយុ៤៨ឆ្នាំ ស្នាក់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលនៅយាមកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយនៅក្នុងស្នាក់ការ យាមរបស់ក្រុមហ៊ុនខាងលើ ស្រាប់តែឃើញរថយន្តបង្ករបើក តាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីត្បូងមកជើង ហើយបានរេចង្កូតមកស្តាំដៃជ្រុលមកបុកស្នាក់ការ ដែលគាត់កំពុងយាម ខណៈនោះគាត់បានរត់គេចខ្លួនទាន់ ក្រោយពីបុករួចគាត់ក្រឡេកទៅមើលលើរថយន្តបង្កនោះ មិនឃើញមានមនុស្សនោះទេ(គេចខ្លួនបាត់)៕
ក្រោយពេលកើតហេតុរថយន្តបង្ករត្រូវបានសមត្ថកិច្ចវាស់វែងនិងយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយនៅពេលក្រោយ៕