(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យកងកម្លាំងទាំងអស់ ត្រូវបន្តស្វែងរកប្រភពក្រុមឈ្មួញ ដែលសម្ងំក្នុងព្រៃលួចកាប់បំផ្លាញឈើ យ៉ាងអនាធិបតេយ្យ និងត្រូវចាប់បញ្ជូនក្រុមឈ្មួញទាំងនោះ ទៅកាន់ស្ថាប័នច្បាប់ដើម្បីចាត់ការឲ្យរាងចាលតែម្តង។
ការដាក់បទបញ្ជានេះរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ដោយមានការចូលរួមពី មេបញ្ជាការរង នាយទាហាន នាទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ឆ្នាំ២០១៧កន្លងទៅ ការងារ បង្ការ បង្ក្រាប សង្គ្រោះតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ បានរក្សាសន្តិសុខសុវត្តិភាពជូនបងប្អូន ប្រជាពលរដ្ឋបានប្រសើរ ជាពិសេសរាល់ការបង្ក្រាបការ ជួញដូរគ្រឿងញៀន បញ្ហាចោរកម្ម លួច ឆក់ ប្លន់ មានការថយចុះគួរឲ្យកក់សម្គាល់។
លោកមេបញ្ជាការបានបន្តថា ឆ្នាំ២០១៨ បណ្តាកម្លាំងតាមមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវរឹតបន្តឹងការស្រាវជ្រាវបង្ក្រាបឲ្យខានតែបានរាល់ការជួញដូរ ការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិ។ បញ្ហាគ្រឿងញៀនតាមមូលដ្ឋាន ក៏ត្រូវស្រាវជ្រាវបង្រាបឲ្យខានតែបានដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ។
ក្នុងឱកាសនោះ ក៏មានការបំពាក់នៅគ្រឿងឥស្សរយស លិខិតសសើរ បំពាក់ឋនន្តរស័ក្ក ជូននាយទាហាន នាយទាហានរងចំនួន៦១រូប ដែលបំពេញភារកិច្ចទទួលបានស្នាដៃ ក្នុងនោះដែរ ក៏បានប្រកាសជាផ្លូវការចូលកាន់តំណែងបញ្ជាការរងចំនួន០២រូបផងដែរ៕