(ភ្នំពេញ)៖ លោកជំទាវ លី អ៊ុំអេង ដែលមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ៨គ្រួសារ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប បានចេញមុខអះអាងថា ដីទំនាស់ខាងលើ លោកជំទាវមានឯកសារ កាន់កាប់ដីតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ទើបមន្ត្រីអាជ្ញាធរ ជំនាញសម្រេចប្រគល់កម្មសិទ្ធិអោយ លោកជំទាវគ្រប់គ្រង។ ចំណែកប្រជាពលរដ្ឋ៨គ្រួសារ ដែលអះអាងថាដីខាងលើជាដីរបស់ខ្លួននោះ គឺគ្រាន់តែមានឯកសារកាន់កាប់ នៅឆ្នាំ១៩៩៥ប៉ុណ្ណោះ។
ការចេញមុខបកស្រាយរបស់ លោកជំទាវ លី អ៊ុំអេង ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី Fresh News បានចេញផ្សាយនូវអត្ថបទមួយ មានចំណងជើងថា «ប្រជាពលរដ្ឋ៨គ្រួសារ មានទំនាស់ដីធ្លីនៅភូមិចុងកៅស៊ូជាមួយជំទាវលីអ៊ុំអេង ស្នើសុំអន្តរាគមន៏ពីលោក ជា សុផារ៉ា និងសម្ដេចតេជោហ៊ុន សែន សុំយុត្តិធម៌ រួចមក»។
ក្នុងនោះ លោកជំទាវបានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៨នេះថា ដីខាងលើគឺលោកជំទាវ មានលិខិតកាន់កាប់ដីតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ដែលលោកជំទាវទិញតពីម្ចាស់មុន ហើយក្រោយពីអាជ្ញាធរជំនាញចុះពិនិត្យផ្ទៀងផ្ទាត់ ដល់ទីតាំងដីជាក់ស្ដែង និងធ្វើការពិនិត្យលើពាក្យបណ្ដឹង ជាបន្តបន្ទាប់មករួចមក ទើបអាជ្ញាធរសំរេចចេញប័ណ្ណកម្មសិទ្ធិអោយលោកជំទាវកាន់កាប់ ខណៈប្រជាពលរដ្ឋ៨គ្រួសារ ដែលនាំគ្នាប្ដឹងតវ៉ានោះ គឺមានឯកសារកាន់កាប់ដីក្រោយ ហើយចេះតែនាំគ្នាប្ដឹងតវ៉ាជាបន្តបន្ទាប់មក។
ក្រៅពីធ្វើការអះអាងខាងលើ លោកជំទាវ លី អ៊ុំអេង ក៏បានផ្ដល់ឯកសាររបស់មន្ត្រីអាជ្ញាធរខេត្តមួយចំនួន ដើម្បីបញ្ជាក់ជាភស្តុតាងថាដីខាងលើនេះ ត្រូវលោកជំទាវបានមកពីអាជ្ញាធរប្រគល់អោយដោយស្រប ច្បាប់ផងដែរ។ ប៉ុន្តែនៅពេលថ្មីៗនេះ បែរជាខាងអាជ្ញាធរអប្បរាមកចោទប្រកាន់ថា លោកជំទាវរំលោភបំពានយកដីរបស់អាជ្ញាធរអប្បរា អស់ជាង៣ហិកតាទៅវិញ។
ពាក់ព័ន្ធការអះអាងខាងលើ គេនៅមិនទាន់ដឹងថាបញ្ហាជម្លោះដីធ្លីនេះ ខាងណាខុស ខាងណាត្រូវពិតប្រាកដនោះទេ តែទោះជាយ៉ាងណាក៏ពេលនេះ ដីទំនាស់ដែលមានទំហ៊ំជាង ១០ហិកតានេះ ត្រូវបានអាជ្ញាធរជំនាញផ្ដល់កម្មសិទ្ធិអោយ ទៅខាងភាគីលោកជំទាវ លី អ៊ុំអេង រួចរាល់ទៅហើយ ខណៈភាគីខាង៨គ្រួសារ នៅតែបន្តប្ដឹងតវ៉ា និងទាមទារសូមអោយមានការជួបទល់មុខគ្នា បង្ហាញឯកសារ ភស្តុតាងរៀងៗខ្លួន នៅចំពោះមុខគណៈកម្មការដោះស្រាយដើម្បីអោយច្បាស់ថា ឯកសារខាងណាខុសខាងណាត្រូវពិតប្រាកដ។
ខាងក្រោមនេះជាឯកសារភស្តុតាងដែលលោកជំទាវ លីអ៊ុំអេង បង្ហាញថាជាឯកសារស្របច្បាប់ ក្នុងការកាន់កាប់ដីទំនាស់ខាងលើ៖