(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (ឆក់ទូរសព្ទ័ដៃ) រួចបញ្ជូនខ្លួនទៅតុលាការ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ប៊ុន​ សត្យា​ នាយការិយាល័យ បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើនេះ បានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) នៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨។

លោក ប៊ុន​ សត្យា​ បានបន្ថែមទៀតថា នៅថ្ងៃខែដដែល ជនសង្ស័យទាំង២នាក់ ត្រូវកម្លាំងជំនាញរបស់ការិយាល័យចុះបង្ក្រាបបាន នៅចំណុចមុខផ្ទះលេខ៣៥២ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ ឆេង ណារ៉ា ហៅរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២៣៤ ភូមិ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២៖ ឈ្មោះ ធឿន ម៉េងហួត ហៅខៃយ៉េ ហៅឆាយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា ស្នាក់នៅផ្ទះ១៨ បូរីពិភពថ្មីវ៉េងស្រេង ផ្លូវ១៨ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

មន្រ្តីនគរបាលដដែល បានបន្ដទៀតថា ក្នុងនោះដកហូតបានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ១គ្រឿង លេខតួ-លេខម៉ាស៊ីន៥១១២៣១១ ពាក់ស្លាកលេខ ភ្នំពេញ ១GS-៨៨៧៩ និងទូរស័ព្ទដៃម៉ាក IPhone7 ពណ៌ខ្មៅ ១គ្រឿង ជាភស្តុតាងរបស់ជនរងគ្រោះ ដែលចាប់យកបាន។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្នជន សង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យ រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕