(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រជាកសិករទាំងអស់ហាក់មិនទាន់ យល់ដឹងច្បាស់លាស់ ពីការធ្វើទំនើបកម្មស្រូវអង្ករនៅឡើយ ខណៈដែលការផ្សព្វផ្សាយពីរឿងនេះហាក់នៅមានកម្រិត ដើម្បីបញ្ជ្រាសនូវរាល់បញ្ហាទាំងអស់នេះ លោក តាំង សុខឃី អ្នកជំនាញផ្នែកស្រូវអង្ករកម្ពុជា បានស្នើ និងទទូចសូមឲ្យមានការផ្សព្វផ្សាយ ពីការធ្វើទំនើបកម្មស្រូវអង្ករ ឲ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រោះនេះជាវិធីសាស្រ្ដដ៏ល្អបំផុត ក្នុងការបញ្ជ្រាបព័ត៌មានទៅដល់កសិករដែលរស់នៅ តាមស្រុកស្រែចំការបានយល់ដឹង និងផ្លាស់ប្ដូរទម្លាប់នៃការដាំដុះស្រូវ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News លោក តាំង សុខឃី បានថ្លែងឲ្យដឹងថា «ខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាប្រព័ន្ធផ្សព្វផ្សាយតាមរយៈការសែត ទូរទូស្សន៍ ដែលជាឧបករណ៍ងាយស្រួលមួយ ក្នុងការផ្ដល់ព័ត៌មានដល់ពលរដ្ឋ រស់នៅតាមស្រុកស្រែចំការអាចមើល និងស្វែងយល់បាន។ ឧទាហរណ៍ ថាកាលណាយើងចេញជាពូជអ្វីមួយ ដែលតម្រូវការទីផ្សារនាំចេញ ស្ថាប័នពាក់ព័ន្ធនោះគួរតែចំណាយថវិកា ដើម្បីយកព័ត៌មានមួយនោះ ទៅផ្សព្វផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ ឬការសែតជាដើម។ ការផ្សាយនេះទៀតសោធ គួរតែជ្រើសរើសម៉ោង ដែលអាចឲ្យពលរដ្ឋមានពេលក្នុងការទស្សនាបាន»។
លោកបានថ្លែងបន្ដទៀតថា «ចំណុចសំខាន់ដែលខ្ញុំចង់ផ្ដោតនោះគឺ ចង់ឲ្យស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវអ្វីដែលហៅថាសង្វាក់ផលិតកម្មជឿនលឿននេះ បើមិនដូច្នេះទេ ប្រជាកសិករនៅតែមិនទទួលបានការយល់ដឹងជ្រៅជ្រះពីបញ្ហានោះឡើយ»។
លោកបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ននេះ វិស័យកសិកម្មដំណាំស្រូវ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជួយជ្រោមជ្រែងជាច្រើន ឃើញថាគ្រប់ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម រួមទាំងវិស័យឯកជន ដែលមានសហព័ន្ធស្រូវអង្ករកម្ពុជា បានជួយជំរុញអង្ករកម្ពុជាឲ្យពិភពលោកស្គាល់ជាច្រើន ឥឡូវនេះឃើញហើយថា មានរាប់សិបប្រទេសលើពិភពលោក បានប្រមូលទិញអង្ករពីប្រទេសកម្ពុជា និងទិញសុទ្ធតែប្រភេទអង្ករក្រអូបប្រណិតថែមទៀតផង។
លោកបញ្ជាក់ទៀតថា ដើម្បីជំរុញគោលនយោបាយ ផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ឲ្យបានគ្រប់១លានតោន ទាល់តែមានការចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនេះឯង។
លោកថា «ខ្ញុំនៅតែផ្ដោតសំខាន់ទៅលើ ការផ្សព្វផ្សាយឲ្យបានទូលំទូលាយ បានឈានទៅដល់ប្រជាកសិករ ឧទាហរណ៍ថា ពេលណាស្វាមីគាត់បានមើលទូរទស្សន៍ និងបានឃើញការផ្សព្វផ្សាយពូជស្រូវបែបនេះ ធ្វើទៅល្អ ពូជស្រូវបែបនោះ ធ្វើទៅមិនល្អ នោះគាត់នឹងពាំនាំពាក្យនេះទៅប្រាប់ប្រពន្ធកូន ឬអ្នកជិតខាង ដើម្បីធ្វើដំណាំស្រូវនេះ និងមិនត្រូវធ្វើដំណាំស្រូវនោះ»។
លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ធ្លាប់បានថ្លែងប្រាប់សារព័ត៌មាន Fresh News ដែរថា ការជំរុញឲ្យមានការអភិវឌ្ឍវិស័យស្រូវអង្ករតាមបែបទំនើបនេះ ដើម្បីបង្កើនទិន្នផលស្រូវ មានន័យថាកាលពីរយៈពេលប៉ុន្មានឆ្នាំមុន ការដាំដុះស្រូវតាមបែបបុរាណទទួលផល បានត្រឹមតែ២-៣តោនប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើធ្វើតាមបែបទំនើបកម្មវិញ អាចទទួលផលបានរហូតដល់៥តោន ឬច្រើនជាងនេះ។
លោកថា វិស័យស្រូវអង្ករកម្ពុជា ប្រឈមនឹងបញ្ហាថ្លៃដើមខ្ពស់ តែបើកម្ពុជាអាចប្រើប្រាស់តាមបែបទំនើប នោះក៏អាចនឹងកាត់បន្ថយថ្លៃដើម ក្នុងខ្សែសង្វាក់ផលិតកម្ម ព្រោះថានៅពេលដែលផលិតស្រូវ បានច្រើននោះតម្លៃថ្លៃដើម នឹងកាត់បន្ថយដូចគ្នាដែរ។
លោកបានបន្ដទៀតថា ប្រសិនបើកម្ពុជាមិនធ្វើទំនើបកម្មនោះទេ នោះការនាំចេញ, ការផលិត នឹងកើនត្រឹមតែបរិមាណតិចតួចតែប៉ុណ្ណោះ។ បើកម្ពុជាជំរុញការធ្វើទំនើបកម្មបាននោះ នឹងមានការកើនឡើងខ្ពស់ បើក្រឡេកទៅមើលប្រទេសជិតខាង ឃើញថាពួកគេបានធ្វើទំនើបកម្មនេះដំណើរទៅយ៉ាងល្អ ដូចជាប្រទេសថៃជាដើម។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះការប្រើប្រាស់បែបបុរាណនៅតែមានច្រើន ហើយដើម្បីឲ្យការធ្វើទំនើបកម្មទទួលបានផលល្អប្រសើរ ត្រូវជំរុញឲ្យ កសិករ ឬសហគមន៍ ប្រើប្រាស់នូវគ្រឿងចក្រ គ្រឿងយន្ដ ក្នុងការដាំដុះ។ ការប្រើប្រាស់ទំនើបកម្មនេះ បានជួយកាត់បន្ថយកម្លាំងពលកម្ម, ចំណេញពេលវេលា មួយវិញទៀតការប្រើប្រាស់គ្រឿងយន្ដនេះ ក៏បានជួយពង្រាបដីឲ្យស្មើល្អ ធ្វើឲ្យដីធូរក្នុងការដាំដុះ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។
ក្នុងនោះដែរ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាស្រូវអង្ករ ឆ្នាំ២០១៨ ក៏បានបង្ហាញពីភាពវិជ្ជមាន ក្នុងការនាំចេញអង្កររបស់ ប្រទេសកម្ពុជាផងដែរ។ ហើយដើម្បីពង្រឹងការនាំចេញអង្ករ ឲ្យមានការកើនឡើងថែមមួយកម្រិតទៀតនោះ លោកក៏បានដាក់ចេញនូវគោលការណ៍ មួយចំនួនបន្ថែមទៀត ក្នុងការនាំចេញអង្ករឲ្យប្រកបដោយគុណភាពខ្ពស់ និងស្រប់តាមសេចក្ដីត្រូវការរបស់ទីផ្សារអន្តរជាតិ៕