(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានចេញសេចក្ដីជូនដំណឹង បញ្ជាក់ជូនមន្ដ្រីរាជការ គ្រូបង្រៀន និងអតីតមន្ដ្រីរាជការ រួមទាំងអតីតគ្រូបង្រៀន ចំណុះឲ្យក្រសួងអប់រំទាំងអស់ អាចទៅទទួលសេវាថែទាំ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨តទៅ។
ក្រសួងអប់រំ បានបញ្ជាក់ទៀតថា ដើម្បីអាចទៅព្យាបាលដោយឥតគិតថ្លៃបាន មន្ដ្រីរាជការ និងគ្រួបង្រៀន គ្រាន់តែមានប័ណ្ណសំគាល់ខ្លួនមន្ដ្រីរាជការ និងអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ រាល់ពេលទទួលបានសេវាព្យាបាល។ ចំពោះអតីតមន្ដ្រីរាជការ និងអតីតគ្រូបង្រៀនដែលមានប័ណ្ណសម្គាល់ខ្លួន ហួសកាលបរិច្ឆេទកំណត់ ត្រូវបញ្ជាក់ពីប្រធានអង្គភាពក្រោយឱវាទ ហើយប្រធានអង្គភាពសាមី ត្រូវរួសរាន់ចេញលិខិតបញ្ជាក់ពីអត្ដសញ្ញាណ ជូនអតីតមន្ដ្រីរាជការ ឬអតីតគ្រូបង្រៀន ឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា មានជិត១២ម៉ឺននាក់៕