(ភ្នំពេញ)៖ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា ក្នុងតំបន់ដែលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីកាត់បន្ថយភាពក្រីក្រ និងធានាឲ្យមានការគោរពសិទ្ធមនុស្ស ពិសេសគឺធានាឲ្យស្ត្រី និងបុរសមានសិទ្ធស្មើគ្នាលើគ្រប់រូបភាព។ទន្ទឹងនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តល់អាទិភាពទៅលើ ការលើកម្ពស់ឲ្យមានសមភាពយេនឌ័រលើគ្រប់វិស័យជាពិសេសការបញ្ចូលស្ត្រីក្នុងវិស័យផ្សេងៗ។
ដើម្បីរួមចំណែកដល់ការយល់ដឹងពីយេនឌ័រ នៅព្រឹកថ្ងៃអង្គារ៍ ៨ រោច ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(NEA )សហការជាមួយនិងSIDA ស៊ុយអែត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ការយល់ដឹងពីសមភាពយេនឌ័រ ដល់សិក្ខាកាមចំនួន២៥នាក់ មកពីស្ថាប័នផ្សេងៗ។
លោក Lar-Ake Svensson ប្រធានគម្រោងSIDA ស៊ុយអ៊ែដប្រចាំនៅកម្ពុជា លើកឡើងថា ស៊ុយអែត មានការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសមត្ថភាពយេនឌ័រ សិទ្ធស្ត្រី និងសិទ្ធកុមារ នៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌។ ជាមួយនឹងការចាប់ផ្តើមនៃគោលនយោបាយការបរទេសដែលមានមូលដ្ឋានលើស្ត្រីនិយម ហើយកិច្ចការនេះត្រូវពង្រឹងបន្តទៀត។
លោកបញ្ជាក់បន្តថា ការវិភាគយេនឌ័រគួរតែពឹងផ្អែកលើវិធីសាស្ត្រចំនួនបី ដែលត្រូវបានប្រើដោយឡែកពីគ្នា ក្នុងនោះមាន៖ ការកំណត់គោលដៅអន្តរាគមន៍ ដើម្បីពង្រឹងក្រុមជាក់លាក់ ឬបញ្ហានានាការបញ្ចូលសមភាពយេនឌ័រទៅក្នុងកម្មវិធីគម្រោង និងកិច្ចសន្ទនាស្តីពីសមភាពយេនឌ័រ។
លោក Lar-Ake បន្ថែមទៀតថា ការលើកកម្ពស់ និងបង្រៀនកូនប្រុសរបស់យើង អំពីអាកប្បកិរិយានិងការយល់ដឹងអំពីតុល្យភាពយេនឌ័រគឺជាការទទួលខុសត្រូវរបស់យើងក្នុងនាមជាបុរស។ សកម្មភាពទាំងនេះត្រូវបានធ្វើឡើងតាមរយៈទង្វើរបស់យើង មិនមែនធ្វើឡើងតាមរយៈពាក្យសម្តីទេ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា កុមារមិនសូវធ្វើអ្វីដែលយើងប្រាប់ពួកគេឲ្យធ្វើទេ តែពួកគេច្រើនតែធ្វើតាមអ្វីដែលពួកយើងប្រព្រឹត្ត៕