(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមរបស់លោកស្រី យ៊ី សុង តំណាងសាកលវិទ្យាល័យ Hainan Medical University នៃសាធារណៈរដ្ឋប្រជាមានិតចិន ចំពោះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នាទីសី្តការក្រសួង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ភាគីចិន បានសន្យានឹងចូលរួមសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជាទាំងស្រុង នាឆ្នាំ២០២៥ខាងមុខនេះ។
តាមអនុស្សារណៈយោគយល់គ្នារវាងសាកលវិទ្យាល័យ Hainan Medical University ជាមួយសាកលវិទ្យាសាស្រ្តសុខាភិបាលនៃកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅក្រោមក្រសួងសុខាភិបាល និងក្រោមដំបូលនៃខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជំងឺក្នុងតំបន់ត្រូពិច រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើសុំឲ្យសាកលវិទ្យាល័យនេះ ជួយលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងខេត្តចំនួន២ គឺខេត្តកំពង់ចាម និងខេត្តព្រះវិហារ ខណៈដែលខេត្តហៃណាន់ ជាខេត្តមួយរបស់ចិន ស្ថិតនៅភាគខាងត្បូងរបស់ចិន នឹងមានស្ថានភាពភូមិសាស្រ្ត ជាតំបន់ត្រូពិច ដូចប្រទេសកម្ពុជាដែរ ពិសេសខេត្តនេះ ទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ។ដូច្នេះភាគីចិន មានបទពិសោធន៍ក្នុងការងារនេះច្រើន ដែលនឹងអាចជួយកម្ពុជា ក្នុងការលុបបំបាត់ជំងឺនេះទាំងស្រុង នៅឆ្នាំ២០២៥។
ជាការឆ្លើយតប លោកស្រី យ៊ី សុង បានថ្លែថា ជាជំហានដំបូងសាកលវិទ្យាល័យ Hainan Medical University និងអ្នកជំនាញការថ្នាក់ជាតិ ផ្នែកជំងឺគ្រុនចាញ់ នៃសាធារណៈរដ្ឋប្រជាមានិតចិននឹងដឹកនាំប្រតិភូ ចុះទៅពិនិត្យដល់ទីតាំង នៃខេត្តទាំង ខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដើម្បីវាយតម្លៃ ក្នុងដំណាក់កាលដំបូងថា តើត្រូវជួយដល់ខេត្តទាំងពីរនេះ របៀបណា សម្រាប់រៀបចំផែនយុទ្ធសាស្ដ្រ លុបបំបាត់តាមផែនការជាតិ របស់ក្រសួងសុខាភិបាលកម្ពុជា ផ្តោតលើការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ខាងមុខនេះ។
ទន្ទឹមគ្នានោះដែរ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សុំឲ្យសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ថ្វីត្បិតតែសាកលវិទ្យាល័យ Hainan Medical University សហការ ជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មុនដំបូងក៏ពិតមែន តែមុននឹងឈានទៅទទួលបានជោគជ័យ គឺត្រូវសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ព្រមទាំងសុំឲ្យភាគីចិន ជួយផ្តល់មុងជ្រលក់ថ្នាំឱសថ និងអ្នកជំនាញការបច្ចេកទេសផងដែរ ។
គួររម្លឹកថា កន្លងមកប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជាច្រើនមកដល់កម្ពុជា ពិសេសជាមួយនឹងវិស័យសុខាភិបាលនេះតែម្ដង រួមមាន៖ រថយន្តគិលានសង្គ្រោះចំនួន២០០គ្រឿង ម៉ាស៊ីនអេកូសាស្ត្រចំនួន២០០គ្រឿង,ជួយជាអគារព្យាបាលជំងឺ ការបណ្ដុះបណ្ដាល សម្ភារៈបរិក្ខារពេទ្យ និងឱសថផងដែរ៕