(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលនេះបាននិងកំពុងបែកបាក់គ្នាខ្លាំងៗឡើង ដោយក្រុមគាំទ្រលោក កឹម សុខា នៅតែប្រកាន់ជំហរលើការជួយស្រោចស្រង់ អតីត គណបក្សសង្គ្រោះជាតិឡើងវិញ បើទោះបីមិនអាចទៅរួច ខណៈដែលក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី បាននិងកំពុងទៅចូលរួម និងគាំទ្រចលនាថ្មី ទើបបង្កើតឡើងដោយ សម រង្ស៊ី ផ្ទាល់ គឺ «ចលនាសង្គ្រោះជាតិ»។
ការខ្វែងគំនិតគ្នាខ្លាំងៗឡើងទាំងនេះ ក៏បានរុញច្រានដល់អតីតក្រុមគំាទ្រ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិផងដែរ ថាតើពួកគេទៅគាំទ្រមួយណា បើសុទ្ធតែថ្នាក់ដឹកនាំដូចគ្នានោះ ហើយថា តើមួយណាកំពុងជួយសង្គ្រោះបក្សពិតប្រកាសនោះ? ដោយមើលឃើញនូវបញ្ហាកំពុងផ្ទុះឡើងក្នុងរង្វង់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអានមួយច្បាប់ ដែលជាអតីតសកម្មជនបក្សសង្គ្រោះជាតិ បញ្ចេញយោបល់ និងអារម្មណ៍ពិតចំពោះស្ថានភាពនៅពេលនេះ។
ខាងក្រោមនេះ ជាខ្លឹមសារលិខិតមិត្តអ្នកអាន៖
ក្នុងនាមនាងខ្ញុំ ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងគ្នាខ្ញុំជាច្រើន ក្នុងខេត្តកំពង់ចាម សូមបញ្ចេញអារម្មណ៍ពិត និងចោទជាសំណួរ ក្រោយពីបានមើលឃើញសកម្មភាពអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ រយៈពេលចុងក្រោយនេះ កំពុងតែបំផ្លាញគណបក្សមួយនេះ ដែលក្រុមលោក សម រង្ស៊ី បានបំបែកខ្លួនទៅបង្កើតចលនាសង្គ្រោះជាតិថ្មីមួយទៀត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ គឺមានន័យថា ទទួលស្គាល់សាលដីការរំលាយគណបក្សកាលពីខែ១២ ឆ្នាំ២០១៧។
ពេលនេះពួកគាត់បានកៀរគឱ្យក្រុមពួកខ្ញុំ ដែលដើរតាមលោកប្រធាន កឹម សុខា ចូលរួមជាមួយពួកគាត់វិញ។ ក្រុមនាងខ្ញុំមានចម្ងល់ថា តើពេលនេះពួកយើងត្រូវដើរតាមបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន កឹម សុខា ឬដើរតាមចលនាថ្មីរបស់លោក សម រង្ស៊ី? ទោះជាពួកខ្ញុំដឹងច្បាស់ថា គណបក្សសង្គ្រោះជាតិពិតជារលាយតាមសាលដីកាតុលាការកំពូល ពិតប្រាកដមែន ប៉ុន្តែពួកខ្ញុំនៅតែជំនះគាំទ្រគណបក្សមួយនេះ ទោះជាមានសមាជិកជាច្រើនបានចាកចេញ ប៉ុន្តែក្រោយមកដោយសារទំហំ នៃការបែកបាក់គ្នាកាន់តែធំឡើងៗ មែនទែនទៅពួកយើងជាសកម្មជន នៅពេលនេះវ៉ល់ៗ បាត់បង់គោលដៅ បែកកម្លាំង និងបាក់ទឹកចិត្តក្នុងការបន្តគាំទ្រគណបក្សសង្គ្រោះជាតិតទៅទៀតហើយ។
ក្រោយពីតុលាការ ឃាត់ខ្លួនលោកប្រធាន កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ រួចមក មានរឿងរ៉ាវធំៗបង្កឡើងដោយថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យពួកខ្ញុំយល់ឃើញថា បក្សដែលខ្ញុំកំពុងតែគាំទ្រនេះបានបែកចេញពីគ្នាហើយ៖
ទី១៖ អ្នកនាង កឹម មនោវិទ្យា និងក្រុមអ្នកស្រឡាញ់លោក កឹម សុខា បានបំភ្លេចចោលទាំងស្រុង នូវការទាមទារឱ្យលើកលែងទោសលោកប្រធាន សម រង្ស៊ី ឱ្យលោកអាចវិលចូលស្រុកវិញបាន ហើយបានប្រមូលកម្លាំង ចេញទៅរកពឹងពាក់សហគមន៍អន្តរជាតិ ឱ្យឈប់ផ្តល់ជំនួយ ឈប់ទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីដាក់គំនាប ទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ជាហូរហែរ។
ទី២៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ លោកប្រធាន សម រង្ស៊ី បានបង្កើតចលនាថ្មីមួយទៀត ឈ្មោះថា ចលនាសង្គ្រោះជាតិថ្មី ជំនួសឱ្យគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា។ ក្រុមនាងខ្ញុំយល់ឃើញថា ចលនាសង្គ្រោះជាតិ ថ្មីនេះកំពុងតែដណ្តើមសម្លេងគាំទ្រពីក្រុមលោក កឹម សុខា ព្រោះស្របពេលដែលអ្នកនាង កឹម មនោវិទ្យា តែងតែប្រកាសថា ដំណើរនៅក្រៅប្រទេសមានជោគជ័យជាខ្លាំង លោក សម រង្ស៊ី បែរជាបង្ហោះនៅលើទំព័រ Facebook របស់លោកថា គណបក្សសង្គ្រោះជាតិពេលនេះ កំពុងស្លាប់បន្តិចម្តងៗ ដោយសារតែថ្នាក់ដឹកនាំបច្ចុប្បន្ន ថាបក្សសង្គ្រោះជាតិជាប់គាំងមិនអាចធ្វើអីបាន ដូច្នេះ យើងដាច់ខាតត្រូវតែបង្កើតចលនាសង្គ្រោះជាតិ» ដែលយើងមើលឃើញពីចេតនា លោកប្រធាន សម រង្ស៊ី ចង់សងសឹកលោកប្រធានកឹម សុខា ប្រមូលយកកម្លាំងរបស់បក្សមកក្តាប់ម្នាក់ឯង។
ទី៣៖ មួយថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិថ្មីជំនួស ឱ្យបក្សសង្គ្រោះជាតិដែលលោកអះអាងថា កំពុងស្លាប់នោះ គឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ តំណាងរាស្ត្រ រួមនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសប្រមាណ៥០នាក់ ដែលធ្លាប់ដើរតាមលោកប្រធាន កឹម សុខា បានចេញសេចក្តីប្រកាស បន្តការតស៊ូនយោបាយ ក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោជាតិជានិច្ច យើងប្តេជ្ញាថា មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ (សំដៅទៅលើចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី)។
ទី៤៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ពីរថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ នៅលើទំព័រ Facebook របស់លោក កឹម សុខា បានបង្ហោះថា «គណបក្សសង្គ្រោះជាតិនៅតែរស់នៅ លើដែនដីសុវណ្ណភូមិ មិនប្រែក្លាយជាអ្វីផ្សេង ហើយក៏មិនចាកឆ្ងាយពីប្រជាពលរដ្ឋខ្មែរឡើយ» ហាក់ខឹងសម្បារនឹងគំនិតរបស់លោកប្រធាន សម រង្ស៊ី។ទី៥៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លោក ទួន យក់ដា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ដែលឡើងឋានៈមកតាមខ្សែលោកប្រធាន កឹម សុខា ហើយមានឈ្មោះ ក្នុងសេចក្តីថ្លែងការណ៍បង្កើតចលនាសង្គ្រោះជាតិនោះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនក្នុង និងក្រៅប្រទេសថា គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិ ដែលចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គឺស្ថិតក្នុងដំណាក់កាលពិភាក្សា មិនទានដាច់ស្រេច និងមិនទាន់បានសម្រេចនៅឡើយទេ ហើយលោកមិនទទួលស្គាល់ចលនាសង្គ្រោះជាតិរបស់លោកប្រធាន សម រង្ស៊ី នោះទេ។
ទី៦៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កូនស្រីលោក កឹម សុខា គឺអ្នកនាង កឹម សាមាធីតា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោកប្រធាន សម រង្ស៊ី ដែលបានប្រកាសនៅក្នុងទំព័រ Faceook ថា លោក កឹម សុខា មិនហ៊ានប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ខ្លាចលោក ហ៊ុន សែន ធ្វើបាប ដោយអ្នកនាងបានអះអាងថា ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងបានបញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ឪពុកនាង គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ ហើយរូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ(មិនដូចលោកប្រធាន សម រង្ស៊ី តែងតែរត់ចោលអ្នកគាំទ្រសំងំយកសុខ)។
ភាពវ៉ល់ បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ប្រកាន់បក្ខពួកចែកជាក្រុម ហើយបាត់ម្ចាស់ការរបស់ថ្នាក់ដឹកនាំនៅពេលនេះ ធ្វើឱ្យពួកខ្ញុំបាត់អស់ភាពរំពឹងថា បក្សនេះនឹងអាចរស់ឡើងវិញ តាមពិតទៅឥឡូវនេះ ពួកខ្ញុំពិតជាអស់សង្ឃឹមចំពោះគណបក្សសង្គ្រោះជាតិនេះខ្លាំងណាស់ ទោះជានៅបន្តគាំទ្រ ក៏មិនដឹងថាគួរនៅបន្តតស៊ូតាមក្របខ័ណ្ឌ គណបក្សសង្គ្រោះជាតិ ឬក៏ទទួលស្គាល់ ចលនាសង្គ្រោះជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែលមានន័យស្មើនឹងទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិពិតជារលាយ?
ពួកខ្ញុំយល់ឃើញថា គួរតែឈប់ដើរតាមអ្នកនយោបាយដែលគ្មានភាពប្រកដនិយម ជាពិសេសទាញជាតិខ្មែរឱ្យដើរត្រឡប់ក្រោយទៅរកក្តីវិនាសបែបនេះ ហើយបើសិនជាបានអំណាចមែន ក៏ខ្ញុំគ្មានសង្ឃឹមថា ពួកគាត់អាចមានសមត្ថភាពដឹកនាំប្រទេសបានដែរ ព្រោះគ្រាន់តែបក្សនយោបាយមួយគ្មានសមត្ថភាពថែររក្សាឱ្យបានគង់វង្សរីកចម្រើនផងឃើញតែក្តីវិនាស ចុះទម្រាំអនាគតប្រទេសជាតិ និងប្រជាជនរាប់លាននាក់ តើពួកគាត់មានសមត្ថភាពទៅថែរក្សា និងទៅដឹកនាំតាមរបៀបណា?៕
យុវតីសង្រ្គោះជាតិ