(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែលើកឡើងជារឿយៗ ទុក្ខលំបាករបស់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធជន ក៏ជាទុក្ខលំបាករបស់សម្តេចទាំងពីរផងដែរ។
ឈរលើស្មារតីនេះសម្តេចទាំងពីរតែងបានធ្វើសកម្មភាពជាច្រើន ដើម្បីផ្តល់ជាប្រយោជន៍ និងលើកកម្ពស់អតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់សម្រាប់បុព្វហេតុជាតិមាតុភូមិនោះ។ ដីធ្លី និងផ្ទះសម្បែងត្រូវបានសម្តេចផ្តល់ជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព។
នៅថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨នេះ ផ្ទះ និងដីសម្រាប់បង្កបង្កើនផលមួយកន្លែងទៀត ស្ថិតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧ តាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកស្រី វ៉ាន់ សុភី អតីតយុទ្ធជនដែលបានចូលបម្រើកងទ័ពនៅអំឡុងឆ្នាំ១៩៧៩។
ផ្ទះ និងដីនេះ ត្រូវបានចុះទៅប្រគល់ជូនដោយនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលជាតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីការផ្តល់ផ្ទះ និងដីសម្រាប់បង្កបង្កើនផលហើយនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្តល់ជូននូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់លោកស្រី វ៉ាន់ សុភី ផងដែរ។
ក្រៅពីថ្លែងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្តមសេនីយ៍ គន់ គីម ក៏បានក្រើនរំលឹកដល់បងប្អូនយោធិនពិការឲ្យខិតខំថែរក្សារផ្ទះ ដែលសម្តេចតេជោផ្តល់ជូន ហើយត្រូវប្រឹងប្រែងចិញ្ចឹមសត្វ ដាំដំណាំផ្សេងៗ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីរកប្រាក់កម្រៃទ្រទ្រង់ជីវភាពបន្ថែមពីលើថវិកាដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
នៅថ្ងៃដដែលនោះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានចុះសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងលក់ដូរបន្លែបង្ការបស់ពួកគាត់នៅក្នុងផ្សារតេជោអភិវឌ្ឍន៍ផងដែរ។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនមានចំនួនសរុប ៨៣០ខ្នងហើយ៕