(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានស្នើឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា រួមគ្នាលុបបំបាត់ករណី ដាច់ចរន្ដអគ្គិសនីជាញឹកញាប់ នៅតាមតំបន់មួយចំនួន ដើម្បីបន្ថយការខឹងសម្បាររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទាំងនោះ។
ការស្នើយ៉ាងដូច្នោះ ក្នុងឱកាសដែលលោក ស៊ុយ សែម អញ្ជើញចូលរួមជាអធិបតីភាព បើកសន្និបាតបូកសរុបការងារបញ្ចប់ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៨ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។
លោក ស៊ុយ សែម បានលើកឡើងថា តាមលទ្ធផលនៃការចុះសម្ភាសន៍ជាមួយប្រជាពលរដ្ឋ នៅតាមតំបន់នានា របស់ក្រុមអ្នកសិក្សា ក្នុងក្របខណ្ឌនៃគម្រោងវាយតម្លៃ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា របស់ធនាគារពិភពលោក នៅឆ្នាំ២០១៧ បានបង្ហាញថា មានតំបន់ផ្គត់ផ្គង់អគ្គិសនីចំនួនជាងពាក់កណ្ដាល កើតមានការរអាក់រអួលដាច់ចរន្ដអគ្គិសនីញឹកញាប់ ប្រហែល១៤ដង ក្នុង១អាទិត្យ។
រដ្ឋមន្រ្តីក្រសួងរ៉ែបានបញ្ជាក់ថា ពិតមែនតែចំនួនតំបន់ និងចំនួនដាច់ចរន្ដអគ្គិសនី អាចត្រូវបានអ្នកទទួលសម្ភាសន៍ ដែលកំពុងខឹងនឹងការដាច់អគ្គិសនី និយាយបំប៉ោងខ្លះក៏ដោយ ប៉ុន្ដែវាក៏សញ្ញាមួយបង្ហាញថា ប្រជាពលរដ្ឋនៅតំបន់ច្រើនបានជួបប្រទះ នឹងការរអាក់រអួលដាច់ចរន្ដអគ្គិសនីញឹកញាប់ រួចកំពុងតែខឹងសម្បារនឹងការរអាក់រអួលនេះ។
លោករដ្ឋមន្រ្តី បានលើកឡើងថា «ខ្ញុំស្នើឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើសកម្មភាពការងារនេះ ឲ្យបានឆាប់រហ័ស ដើម្បីបន្ថយការខឹងសម្បារ របស់ប្រជាពលរដ្ឋនៅតំបន់ ដែលរអាក់រអួលទាំងនោះ។ ចំពោះការប្រឈមផ្សេងៗទៀត ខ្ញុំសូមអំពាវនាវ ឲ្យអ្នកផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស មានស្ថិរភាព មានសុវត្ថិភាព និងកាន់តែមានភាពងាយស្រួលខ្លាំងឡើង សម្រាប់អ្នកប្រើប្រាស់»។
លោកក៏បានសំណូមពរ ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការពង្រឹងវិន័យចំពោះអ្នកកាន់អាជ្ញាបណ្ណ ពង្រឹងភាពយុត្ដិធម៌ក្នុងការទិញលក់អគ្គិសនី និងពង្រឹងការត្រួតពិនិត្យ លើការផ្ដល់សេវា ផ្គត់ផ្គង់អគ្គិសនី ឲ្យអ្នកប្រើប្រាស់បន្ថែមទៀត។
ជាមួយគ្នានោះ លោក ស៊ុយ សែម ក៏អំពាវនាវឲ្យមន្ទីររ៉ែ និងថាមពល ជួយត្រួតពិនិត្យបន្ថែមទៀត រួចត្រូវរាយការណ៍ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា មានចំណាត់ការដល់អ្នកផ្គត់ផ្គង់ដែលប្រព្រឹត្ដខុស៕