(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ បានបញ្ជាក់ជំហរឲ្យដឹងថា នៅឆ្នាំ២០១៨នេះ របាយការណ៍អនុសញ្ញា ស្តីពីសិទ្ធិជនពិការ នឹងបានទៅដល់ដៃ គណៈកម្មការសិទ្ធិជនពិការ នៃអង្គការសហប្រជាជាតិ។ លោក ឯម ច័ន្ទមករា ជឿជាក់ថា នៅពេលដែលកម្ពុជា បានដាក់របាយការណ៍នេះ អង្គការសហប្រជាជាតិ នឹងមានការពេញចិត្តច្រើន ក្នុងការ បំពេញកាតព្វកិច្ច នៃការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ។

អនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺជាអនុសញ្ញាមួយដែលតម្រូវឲ្យ តម្រូវឲ្យរដ្ឋជាភាគីផ្តល់សច្ចាប័នលើអនុសញ្ញា ផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូន ជនពិការ ដោយមិនមានការរើសអើងជនពិការ និងផ្តល់ប្រយោជន៍ លើកកម្ពស់ដល់សិទ្ធិជនមានពិការភាព។ លោក ឯម ច័ន្ទមករា បានបន្តថា ទោះបីជាចំណុចមួយចំនួនទៀត មិនទាន់ល្អ តែយើងខិតខំធ្វើយ៉ាងណាបំពេញបន្ថែមការងារនេះឲ្យបានល្អ។

លោក ឯម ច័ន្ទមករា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ ខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាស្តីពី ការពិនិត្យផ្តល់យោបល់ និងបមបេញបន្ថែមនូវធាតុចូលលើកចុងក្រោយ លើ របាយការណ៍ស្តីពី «ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ» នៅថ្ងៃទី២៤​ ខែមករា ឆ្នាំ២០១៨នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន លោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា របាយការណ៍ស្តីពី «ការអនុវត្តសន្ធិសញ្ញាជនពិការ» មិនមែនជារបាយការណ៍ ដែលអគ្គលេខាធិការរដ្ឋានអង្គុយនៅលើតុ និងអាចសរសរបាននោះទេ គឺទាមទារឲ្យមានធាតុចូលពីគ្រប់ក្រសួងស្ថាប័ន ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអង្គការ មិនមែនរដ្ឋាភិបាល និងស្ថាប័នរដ្ឋ។

លោកបន្តថា ធ្វើដូចនេះ បានយើងអាចយករបាយការណ៍នេះ ទៅជារបាយការណ៍មួយដែលមានទំងន់ និងមានតម្លាភាព អាច ទទួលយកបាន និងអាចឆ្លុះបញ្ចាំងពីភាពជាក់ស្តែងពិតប្រាកដ។ លោក ឯម ច័ន្ទមករា បន្ថែមថា នៅពេលដែលយើងប្រមូល លើកចុងក្រោយបញ្ចប់ហើយ យើងនឹងដាក់ជូនសុំសេចក្តីអនុម័តពីក្រុមប្រឹក្សាសកម្មភាពជនពិការហើយ បញ្ចូលទៅសុំការអនុម័ត ពីគណៈរដ្ឋមន្រ្តី ទើបអាចបញ្ចូនទៅអង្គការសហប្រជាជាតិ។

មុនពេលដែលយើងផ្តល់សច្ចាប័ន មកដល់ពេលនេះ យើងបានបំពេញ ក្នុងនាមជារដ្ឋភាគីបានច្រើនលើវិស័យពិការភាព រួមមាន ការផ្តល់ សិទ្ធិសម្រាប់ជនមានពិការភាពឲ្យចូលរួមគ្រប់កម្មវិធីដែលរៀបចំដោយភាគីពាក់ព័ន្ធ ឬអង្គការមិនមែនរដ្ឋាភិបាល ឬវិស័យ ឯកជននានា។

លោក ឯម ច័ន្ទមករា បន្តថា កម្ពុជា បានផ្តល់សិទ្ធពេញលេញដល់បងប្អូន មានពិការភាពគ្រប់គ្រាន់ គ្មានភាគីណាហាមឃាត់ មិនឲ្យចូលរួម សកម្មភាពរបស់ រាជរដ្ឋាភិបាល និងអង្គការផ្សេងៗ លើកលែងតែចំនួនជនពិការចូលរួមលើសការកំណត់តែប៉ុណ្ណោះ។

ជាមួយគ្នានោះ ក៏មានការផ្តល់របបគោលនយោបាយ សម្រាប់បងប្អូនមានពិការភាព ក្រីក្រនៅតាមសហគមន៍ គឺក្រសួងសង្គមកិច្ចបានផ្តល់របប ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។ រហូតមកដល់ពេលនេះ ក្រសួងសង្គមកិច្ច បានផ្តល់របបគោលនយោបាយ សម្រាប់បងប្អូនមានពិការភាព ចំនួន៤ទៅ៥ ខេត្ត ដូចជាខេត្ត ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀងជាដើម ហើយគ្រោងនឹងបន្តទៅតាមបណ្តាខេត្ត-រាជធានីជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ក្រៅពីនេះ ក៏មានការផ្តល់នូវការស្តារលទ្ធិភាពពលកម្មកាយសម្បទា ដល់បងប្អូនជនពិការ គឺកម្ពុជា ក្នុង១ឆ្នាំទៅ១ឆ្នាំផ្តល់ជុនពី២ម៉ឺននាក់ជាង ដោយមានការផ្តល់សេវាដោយឥតគិតថ្លៃ និងមានការផ្តល់របប សម្រាប់ធ្វើដំណើរ ក្នុងពេលព្យាបាលថែមទៀត។

បន្ថែមពីនោះក៏មានការសហការយ៉ាងយកចិត្តទុកដាក់ ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នៅកម្ពុជា ដែលបានចូលរួមសម្រួល និងជួយដល់បងប្អូនមានពិការភាពជាច្រើនផ្នែកផងដែរ។

ដូចនេះ កម្ពុជា បានប្រែមុខមាត់ខ្លាំងណាស់ ទៅលើវិស័យពិការភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៨ យើងសង្កេតឃើញថា វិស័យពិការភាពមានការប្រែប្រួលខ្លាំង ដោយមានការមើលឃើញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានចុះទៅជួបដោយផ្ទាល់ជាមួយ បងប្អូនពិការភាព ទាំងនៅតាមជនបទ និងនៅរាជធានីភ្នំពេញ និងបានលើកទឹកចិត្ត និងការផ្តល់ថវិកាជាច្រើន។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការ បានផ្តើមរៀបចំចងក្រងសេចក្តីព្រាង របាយការណ៍ដំបូង ដោយបានព្យយាមប្រមូលនូវរាល់ធាតុចូល តាមរយៈការបំពេញចម្លើយលើកម្រសំណួរដែលផ្តល់ដោយអង្គភាព និងស្ថាប័នមួយចំនួន និងតាមរយៈការសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិចំនួន២លើក។ ប៉ុន្តែ ដោយមិនឃើញថា ទិន្នន័យ និងធាតុចូលនៅតែ មិន គ្រប់គ្រាន់ ក្រុមការងារអគ្គលេខាធិការដ្ឋាន បានចុះទៅសាកសួរ និងប្រមូលព័ត៌មានដោយផ្ទាល់នៅតាមក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនទៀត៕