(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រួមដំណើរដោយមន្រ្តីជំនាញ ជាច្រើនរូបទៀត នៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យ មើលដំណើរការ សាងសង់មជ្ឈមណ្ឌល ទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ដែលស្ថិតនៅ ក្នុងភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា ដោយមានការគាំទ្រ និងឯកភាពពីប្រមុខរាជេដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យលោករៀបចំមជ្ឍមណ្ឌលទទួល ថែទាំនិងព្យាបាលជនវិបល្លាសស្មារតីនេះឡើង ឲ្យបានសមរម្យឆ្លើយតប ទៅនឹងដំណាក់កាលនីមួយៗ។ នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់លើគ្រប់វិស័យ ដោយក្នុងនោះកន្លែង គ្រប់គ្រងថែទាំ បងប្អូនដែលមានស្មារតី មិនប្រក្រតីនេះ មិនទាន់មានកន្លែងត្រឹមត្រូវ។

រដ្ឋមន្រ្តី បានបន្ថែមថា នៅក្នុងមជ្ឍមណ្ឌលនេះ មានផ្ទៃដីប្រមាណ៣ហិចតា ហើយដោយសារនៅកន្លែងនេះ ជាកន្លែងចាស់សល់ពីមុន ដូចនេះលោកបានឲ្យ ក្រុមបច្ចេកទេសត្រួតពិនិត្យមើលថា តើអគារណា អាចធ្វើការជួសជុលបានហើយអគារណា ដែលមិនអាចជួសជុលបានយើងរើចោលដើម្បីធ្វើថ្មី ហើយមកដល់ពេលនេះអគារស្នាក់នៅចំនួន២ខ្នងត្រូវបានសាងសង់រួច។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញក៏បានជួយអគាររដ្ឋបាលមួយខ្នង ដែលកំពុងដំណើរការសាង់សង់។

លោក វង សូត បានបញ្ជាក់ថា ក្រោយពីសាងសង់អគារ និងរៀបចំទីកន្លែងរួចហើយនោះក្រសួង នឹងផ្ទេបងប្អូនមួយចំនួន ដែលជាជន វិបល្លាសស្មារតីដែលពួកគាត់កំពុងស្នាក់នៅ ក្នុងមណ្ឌលព្រៃស្ពឺក្នុងសង្កាត់ឃ្មួញ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ មកស្នាក់នៅ ក្នុងមណ្ឌលនេះ ដើម្បីទទួលបានការថែទាំនិងព្យាបាលអោយមានភាពកាន់តែប្រសើរនិងម៉ត់ចត់ថែមទៀត។

នៅក្នុងឳកាសចុះពិនិត្យមើលដំណើរការនោះ រដ្ឋមន្រ្តី វង សូត បានណែនាំដល់មន្រ្តីជំនាញ ដែលជាអ្នកទទួលការងារសាងសង់ត្រូវធ្វើការ កែឡើងវិញនូវសំណង់ខ្លះៗដើម្បីមើលទៅអោយសម និងធានាបានការប្រើប្រាស់យូរអង្វែង។

រដ្ឋមន្រ្តី វង សូត បានឯកភាពអនុញ្ញាតឲ្យ ខាងក្រសួងសុខាភិបាល សាងសង់មណ្ឌលសុខភាពមួយ នៅក្នុងបរិវេណមជ្ឍមណ្ឌល ទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតីនេះ ដើម្បីងាយស្រួលដល់ការមើលថែទាំនិងព្យាបាល ដល់ជនវិបល្លាសស្មារតី ហើយ ក៍អាចឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នងមូលដ្ឋាននេះមកទទួលសេវាព្យាបាលផងដែរ។

សូមបញ្ជាក់ថា មជ្ឍមណ្ឌលទទួលថែទាំ និងព្យាបាលជនវិបល្លាសស្មារតីនេះ នឹងដាក់ឲ្យដំណើរការនៅក្នុងពេលឆាប់ៗនេះ៕