(ភ្នំពេញ)៖ លោកស្រី ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់មនុស្សចាស់ជរា រស់នៅក្នុងគ្រួសារ២ផ្សេងពីគ្នា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដែលតំណាងលោកស្រី ទាវ ធីតា អញ្ជើញផ្តល់អំណោយសប្បុរសធម៌នោះ ក៏មានការអញ្ជើញចូលរួមពីចៅសង្កាត់ស្ទឹងមានជ័យទី២ លោកមេភូមិដំណាក់ធំ ប្រជាការពារភូមិ រួមជាមួយនឹងក្រុមការងារមួយចំនួនទៀតផងដែរ។
មនុស្សចាស់ជរា ដែលបានទទួលអំណោយសប្បុរសធម៌ពីលោកស្រី ទាំង២គ្រួសារនោះ គឺក្នុងគ្រួសារទី១ លោកយាយ ណុំ ណាន អាយុ៨៨ឆ្នាំ មានជំងឺទឹកនោមផ្អែម លើសឈាម និងមានជំងឺពុកឆ្អឹង ដែលលោកយាយឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនអាចក្រោកដោយខ្លួនឯងបាននោះទេ មានកូនៗ ២នាក់នៅក្នុងបន្ទុកគ្រួសារជាអ្នកមើលថែររាល់ថ្ងៃ។
ដោយឡែក គ្រួសារទី២ នៅក្នុងភូមិ ឃុំខាងលើដដែល គឺលោក យាយ ង៉ែត ផាត អាយុ៨៨ឆ្នាំ មានជំងឺលើសឈាម និងបញ្ហាតម្រង់នោម ដោយសាតែជំងឺរបស់លោកយាយធ្ងន់ធ្ងពេកបានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ ដោយកូន ឈ្មោះសំ សារិន និងចៅ ឈ្មោះ សារិន ភីណារក្ស ជាអ្នកទទួលយកអំណោយសប្បុរសធម៌ពីលោកស្រី។
តំណាងលោកស្រី ទាវ ធីតា បាននាំយកនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកស្រី ប្រាប់ដល់គ្រួសារទាំងពីរផងដែរ។ បន្ថែមពីលើនេះ តំណាងលោកស្រី បានបញ្ជាក់ថា ថ្វីត្បិតតែអំណោយនៅពេលនេះតិចតួចតែក៏អាចជួសម្រាលការលំបាកមួយចំនួនដែរ និងមួយរយៈពេលដែរ។ ទន្ទឹមនឹងនេះ តំណាងលោកស្រិ ក៏បានលើកទឹកចិត្តសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សូមកុំបាក់ទឹកចិត្តនៅក្នុងជីវិតឲ្យសោះ ។
អំណោយសប្បុរសធម៌ របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារទាំង២ នោះគឺក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ត្រីខ ធុងដាក់ទឹក និងសម្ភារៈមួយចំនួនទៀត រួមនឹងថវិការចំនួន២០ម៉ឺនរៀល ។
សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយាលោក ឧកញ៉ាថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារក្រីក្រ ជានិច្ច គឺលោកស្រី តែងតែផ្តល់នូវជំនួយ ជាអំណោយ នូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម ៕