(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា នៅឆ្នាំ២០១៧ ប្រជាពលរដ្ឋជាង៨៤ភាគរយ មានឈ្មោះក្នុងបញ្ជី បោះឆ្នោតផ្លូវការ ខណៈអ្នកចុះឈ្មោះថ្មី មានចំនួនជាង៥០ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធស្តីពីការ ផ្តល់សុពលភាព និងប្រកាសផ្សាយ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៧ថា «ក្នុងដំណាក់កាលធ្វើ បច្ចុប្បន្នភាព បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ពីថ្ងៃទី១ ខែកញ្ញា ដល់់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ»។
បើតាមសមាជិករូបនេះ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៣៦៦៧៤នាក់, ឈ្មោះអ្នកបោះឆ្នោតដែលត្រូវលុបចេញពី បញ្ជីមានចំនួន២១៦៧១ ដោយសារមានឈ្មោះស្ទួន និងមរណភាព និងផ្លាស់ប្តូរទីលំនៅ, ប្រជាពលរដ្ឋដែលបានស្នើសុំ ធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យចំនួន៥៥៧២នាក់។
លោក ហ៊ែល សារ៉ាត់ បានបន្តទៀតថា បន្ទាប់ពីដោះស្រាយបណ្តឹងតវ៉ា និងជំទាស់រួចមក ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ សម្រេចបានលទ្ធផលផ្លូវការរួមមាន៖ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន ៨៣៨០២១៧នាក់ ស្មើនឹង៨៤,៨០ភាគរយបើប្រៀបធៀប ទៅនឹងចំនួនប៉ាន់ស្មានអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅចំនួន ៩៨៨២៧៤៦នាក់ ក្នុងនោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ជាស្រី្ត៤៤៧០៨៦៤ ស្មើនឹង៥៣,៣៥ ភាគរយ។
សូមអានខ្លឹមសារលម្អិតនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ខាងក្រោមនេះ៖