(ភ្នំពេញ)៖ របាយណ៍ស្តីពីវឌ្ឍនភាព និងការប្រឈមក្នុងវិស័យអគ្គិសនីបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧កន្លងទៅប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលអគ្គិសនីសរុបទាំងអស់ចំនួន៧,៩៦៦លានគីឡូវ៉ាត់ម៉ោង (លានKWh) ក្នុងទិញថាមពលអគ្គិសនី ១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង ពីប្រទេសជិតខាង និងថាមពលក្នុងស្រុកមាន ៦,៤៨៦.២៥លានគីឡូវ៉ាត់ម៉ោង។
របាយការណ៍ដដែលបានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ ប្រភពអគ្គិសនីដែលកម្ពុជាមាន និងប្រើបាស់មាន២ប្រភេទគឺ៖
* ប្រភពអគ្គិសនីដែលអភិវឌ្ឍន៍នៅក្នុងស្រុក ពីប្រភពដុតធ្យូងថ្ម វារីអគ្គិសនី ដុតប្រេង ថាមពលកើតឡើងវិញ (ពន្លីព្រះអាទិត្យ) និងប្រភពផ្ទាល់ខ្លួនរបស់អ្នកចែកចាយសរុប៦,៤៨៦.២៥គីឡូវ៉ាត់ម៉ោង។
* ប្រភពអគ្គិសនីក្រៅស្រុកដែលនាំចូលពី ប្រទេសវៀតណាម ថៃ ឡាវ សរុប១,៤៧៩.៩៣លានគីឡូវ៉ាត់ម៉ោង។
អាជ្ញាធរអគ្គិសនីបានឲ្យដឹងទៀតថា បរិមាណថាមពលអគ្គិសនី ដែលកម្ពុជាបានប្រើប្រាស់ ចេញពីប្រភពខាងលើបាន កើនឡើង១១% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះថាមពលអគ្គិសនី ដែលបានមកពីការផលិត ក្នុងស្រុកបានកើនឡើងពី៧៧.៩% នៅឆ្នាំ២០១៦ ទៅ៨១.៤% នៅឆ្នាំ២០១៧ ឯបរិមាណថាមពលដែលនាំចូល ពីប្រទេសជិតខាងបានថយចុះពី២២% មក១៨.៦%។
ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងប្រព័ន្ធអគ្គិសនី អាជ្ញាធរ អគ្គិសនីគ្មានគម្រោងផ្តាច់ការនាំចូលអគ្គិសនីពីប្រទេសជិតខាងឡើយ ប៉ុន្តែមានគោលការណ៍កំណត់ចំនួនការនាំចូល និងប្រែក្លាយការនាំចូលនោះទៅជាពាណិជ្ជកម្ម។
លោកបានបញ្ជាក់ថា «ការទិញថាមពលពីបរទេសរបស់យើង គឺធ្លាក់ក្រោម២៥ភាគរយ ហើយបន្តិចទៀតយើងនឹងខិតខំ កសាងប្រភពថាមពល អគ្គិសនីក្នុងស្រុក ដើម្បីអាចផ្គត់ផ្គង់១០០ភាគរយ ហើយប្រែក្លាយការទិញពីប្រទេសជិតខាង ឲ្យទៅជាពាណិជ្ជកម្ម។ មានន័យថា បើចំណេញជាងយើងផលិត រឿងអីយើងមិននាំចូល ប៉ុន្តែយើងចង់ឈប់ពេលណាក៏បាន។ ដូច្នេះបំណងរបស់យើងមិនមែនផ្តាច់ (នាំចូលអគ្គិសនី) បំណងគឺការកែប្រែការពឹងពាក់ ឲ្យក្លាយទៅជាពាណិជ្ជកម្ម សុទ្ធសាធ»។
លោក ទី នរិន្ទ បង្ហាញនូវការជឿជាក់ថា ប្រហែល១-២ឆ្នាំទៀត កម្ពុជាអាចនឹងមានសមត្ថភាពផ្គត់ផ្គង់ ថាមពលដោយខ្លួនគ្រប់ ១០០ភាគរយ៕