(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្មខុសច្បាប់ កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់មន្ត្រីក្រោមឱវាទ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ ដោយគោរព និងអនុវត្តន៍ឲ្យបានតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព និងឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងបន្ថែមវះកាត់ចេញ។
លោកអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត ទីប្រឹក្សាក្រសួង អភិបាល អភិបាលរងគ្រប់ស្រុកក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ និងមន្ត្រីនៃមន្ទីរ ដ.ន.ស.ស យ៉ាងច្រើនកុះករ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
បន្ទាប់ពីលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានរាយការណ៍ពីសកម្មភាពការងារដែលអនុវត្តបានក្នុងឆ្នាំ២០១៧ និងរបាយការណ៍នៃដំណើរការអង្គសន្និបាតពេញមួយថ្ងៃរួចមក ថ្លែងក្នុងពិធីបិទសន្និបាត លោក ម៉ៅ ធនិន បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ។
លោកបានថ្លែងទៀតថា មន្ទីររៀបចំដែនដី មានតួនាទីពុំអាចខ្វះបាន ក្នុងការបំរើសេវាសាធារណៈ លើវិស័យដីធ្លី និងសំណង់ ដែលកំពុងរីកចម្រើនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផ្តល់ប័ណ្ណកម្មសិទ្ធិលើដីធ្លី ទាំងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ដាច់ដោយដុំ និងអនុវត្តបទបញ្ជាលេខ០១ ដែលបញ្ជាក់ និងឆ្លុះបញ្ចាំងអំពីលទ្ធផលល្អៗ សម្រាប់យកទៅអនុវត្ត លើកទិសដៅឆ្នាំថ្មី។ ដូច្នេះនូវរាល់ចំណុចខ្លាំងចំណុចខ្សោយ និងកត្តាប្រឈមនានា ត្រូវយកមកធ្វើការពិចារណា វិភាគឲ្យបានស៊ីជម្រៅ ពោលគឺប្រើប្រាស់ភ្នែកឲ្យបានច្រើនជាងត្រចៀក។
ជាចុងបញ្ចប់លោក ម៉ៅ ធនិន ក៏បានបំពាក់មេដៃការងារ ជូនដល់មន្ត្រីរាជការ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចំនួន១២រូប និងបានដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ដែលដោះស្រាយមិនបាន ហើយរត់មកពឹងពាក់លោក ព្រមទាំងបានផ្តល់ស្បៀង និងថវិកាបន្តិចបន្តួច ជូនដល់ទុរគតជន និងជនចាស់ជរា គ្រួសារក្រីក្រដាច់ពេលពិតប្រាកដ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕