(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្ដីរាយការណ៍ ក៏ដូចជាសំណូមពរពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលរស់នៅប៉ែកខាងត្បូងជាប់របងវត្តឧត្តរាវតី ស្ថិតក្នុងក្រុម៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវថា ផ្លូវចេញចូលតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ និងមានទៅដោយកាកសំណល់សម្រាមមកនោះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ជា ពិសី អភិបាលខណ្ឌ បានចុះត្រួតពិនិត្យភ្លាមៗ និងចេញបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រទៅឈូសឆាយពង្រាប និងចាក់បេតុងធ្វើផ្លូវពង្រីកបន្ថែមឲ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ចេញចូលប្រកបរបររកស៊ីទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»។
លោក ជា ពិសី បានថ្លែងថា ចាប់ពីស្អែក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨តទៅ រដ្ឋបាលខណ្ឌឫស្សីកែវ នឹងចាត់វិធានការប្រមូលរាល់កាកសំណល់សម្រាមទាំងនោះ ចេញឲ្យអស់ នៅចំណុចខាងលើ ដើម្បីដោះស្រាយធ្វើទាំងផ្លូវចាក់បេតុង ពង្រីកបន្ថែមទៀត ពីផ្លូវតូចចង្អៀត ឲ្យទៅជាផ្លូវធំទូលាយ បើទោះបីជាកញ្ចប់ថវិកាខណ្ឌឆ្នាំ២០១៨ មិនមានក៏ពិតមែន ប៉ុន្តែជាសំណូមពរនៅចំពោះមុខ ដែលក្នុងនាមអាជ្ញាធរ ត្រូវដោះស្រាយតាមលទ្ធភាព ដែលអាចធ្វើទៅបាន ក្នុងការគៀងគរថវិកាផ្សេងៗ មកពីសប្បុរសជននានា បន្ទាប់ពីមានការ Comment ជាបន្តបន្ទាប់នៅលើ Pages Facebook របស់លោកឈ្មោះ ជា ពិសី អភិបាល នៃគណអភិបាលខណ្ឌឫស្សីកែវ និង Pages Facebook កូនប្រុសរបស់លោកឈ្មោះ ជា ពិសី (Oudam Vireakbot) ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាផ្លូវ និងកាកសំណល់សម្រាម៕