(ស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ «worldhope» របស់ប្រទេសអូស្ត្រាលី បានចុះមកពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃដែលការ ព្យាបាលនោះ គឺពិនិត្យព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំពង ទឹកស្រុករំដួល ក្រោមការស្វាគមន៍ពីនាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមការងារ ព្រមទាំងអស់លោក-លោកស្រី ជាក្រុមការងារមន្ទីរសុខាភិបាលខេត្ត និងប្រជាពលរដ្ឋ ចូលរួមពិនិត្យជំម្ងឺប្រមាណជាង១០០០នាក់ផងដែរ។
បើតាមក្រុមការងារដែលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ «worldhpoe» បានថ្លែងថា ថ្ងៃនេះ ប្រជាពលរដ្ឋនៅឃុំពង ទឹកស្រុករំដួល មានកិត្តិយស ដោយបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត worldhope ចុះព្យាបាលជម្ងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំពងទឹក ដោយឥតគិតថ្លៃ រយៈពេល១ថ្ងៃ គឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ តែម្តង។
លោកបន្ដថា សកម្មភាពមនុស្សធម៌នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយពិតជាត្រូវ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាតម្រូវការរបស់មន្ត្រីសុខាភិបាល ពីព្រោះសកម្មភាពនេះ បានចូលរួមចំណែកនូវការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងចូលរួមបង្កើននូវសមត្ថភាព មន្ត្រីសុខាភិបាល នៅមណ្ឌលសុខភាពពងទឹកនេះផងដែរ។
បើតាមប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត worldhope បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារមានចិត្តសប្បាយរីករាយណាស់ ដែលបានមកជួបជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀង ឃុំពងទឹក ពិសេសឃើញវត្តមាន បងប្អូនប្រជាពលរដ្ឋមកច្រើន ហើយពួកគាត់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព នូវអ្វីដែលពួកគាត់បាន ជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយក្រុម គ្រូពេទ្យ និងសន្យាថា និងមកជួបជាមួយប្រជាពលរដ្ឋ នៅខេត្តស្វាយរៀងទៀត ជាពិសេសនៅឃុំពងទឹក ស្រុករំដួល ដែលជាតំបន់ព្រំដែនដាច់ស្រយ៉ាល។
លោកឧត្តមសេនីយ៍ត្រី ជិន រតនា លេខាផ្ទាល់នាយឧត្តមសេនីយ៍ ជៀង អំ បានប្រាប់ឲ្យដឹងថា ក្នុងនាមលោក ជៀង អំ ជាអនុប្រធានក្រុមការងារ ចុះជួយស្រុករំដួល និងក្នុងនាម ក្រុមការងារទាំងអស់ ពិតជាមានក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ worldhope ដែលចុះមកពិនិត្យព្យាបាលជំម្ងឺទូទៅ ដោយឥតបង់ប្រាក់ជូនប្រជាពលរដ្ឋនៅក្នុងឃុំពងទឹកនេះ។
លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសក្នុងការប្រកបរបរទទួលទានរៀងៗ ខ្លួនតាមតម្រូវការ។ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត worldhope ដោយឥតគិតថ្លៃនៅពេលនេះ ពិតជាបានចូលរួមនូវការ សម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ បានមួយចំនួនផងដែរ និងស្របតាមគោលនយោយបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
នៅក្នុងពិធីនេះដែរ ក្រុមការងារក៏បាននាំនូវ ឯកសណ្ឋានប្រជាការពារចំនួន៤៥កំប្លេរ ជាអំណោយរបស់នាយឧត្តមសេនីយ៍ ជៀង អំ ជូនដល់ប្រជាការពារភូមិនៅឃុំពងទឹក ដើម្បីរួមចំណែកជាមួយសមត្ថកិច្ចការពារសុខសុវត្ថិភាព នៅក្នុងឃុំនេះផងដែរ៕