ទណ្ឌិតម្នាក់ ដែលរត់ចេញពីពន្ធនាគារ ត្រូវតុលាការសម្រេចផ្តន្ទាទោស១ឆ្នាំកន្លះ បន្ថែមទៀត
24-01-2018 13:06
(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ទណ្ឌិតម្នាក់ ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល ចូលជាថវិការដ្ឋ ក្រោយចេញពីពន្ធនាគារ ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ យោងតាមមាត្រា៥៦០ មាត្រា៥៦១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៨២ នៃច្បាប់ស្តីពីពន្ធនាគារ។
នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅព្រឹកថ្ងៃទី២៤ ខែមករានេះ។
សូមជម្រាបថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ទណ្ឌិតឈ្មោះ បាន គ្រាក់ បានសារភាពថា រូបគេកំពុងជាប់ឃុំ និងអនុវត្តទោស២ឆ្នាំ ក្នុងសំណុំរឿងលួច ដោយសារតែខ្លួនជិតបានចេញទៅផ្ទះវិញ ទើបខាងពន្ធនាគារ អនុញ្ញាតឲ្យខ្លួនអាចចេញធ្វើពលកម្មនៅក្រៅបន្ទប់ឃុំឃាំងបាន ហើយដោយឃើញជាឱកាសល្អ ខ្លួនក៏លួចរត់ទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចចាប់បាននៅម្តុំវត្តភ្នំមកដាក់គុកវិញដដែល៕