Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការប្រកាសសាលក្រមរឿងក្តី អនិកជនអាមេរិកម្នាក់ បោកលុយពលករខ្មែររាប់ម៉ឺនដុល្លារ នៅថ្ងៃទី៧ ខែកុម្ភៈ

24-01-2018 13:02

(ភ្នំពេញ)៖ បុរសអនិកជនខ្មែរ-អាមេរិកម្នាក់ ពាក់ព័ន្ធករណីឆបោកលុយពីពលករខ្មែរ អស់រាប់ម៉ឺនដុល្លារ ដោយសន្យាថា នាំទៅធ្វើការនៅប្រទេសអូស្ត្រាលី ត្រូវបានតុលាការ បើកការជំនុំជម្រះទោសកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយមានលោក សេង លាង ជាចៅក្រមជំនុំជម្រះ។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ Vorn Yen Viliam ភេទប្រុស ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ នៅក្នុងសវនាការនៅព្រឹកនេះ ជនជាប់ចោទបាន បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

គួររំលឹកថា ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចហាងកាហ្វេ Park Coffee ក្បែរផ្សារសុវណ្ណា តាមពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះជាង១០នាក់ ដែលអះអាងថា បានចាញ់បោកជនជាប់ចោទ ក្នុងម្នាក់ៗ ចន្លោះពី៣,០០០ដុល្លារ ទៅ៦,០០០ដុល្លារ ដោយសន្យាថា នាំពួកគេទៅធ្វើការនៅ ប្រទេសអូស្ត្រាលី។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ៕