(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅសម្រាប់អនុវត្ដឆ្នាំ២០១៨ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល និងពិនិត្យ ពិភាក្សាស្វែងរកនូវដំណោះស្រាយជាគន្លឹះនានា។
ការបើកសន្និបាតនាព្រឹកនេះ គឺស្ថិតក្នុងអធិបតីភាពរបស់ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក, អភិបាលរងខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដៃគូរពាក់ព័ន្ធជាង៣០០រូបផងដែរ។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា សមិទ្ធផលនៃការអភិវឌ្ឍន៍នានា សម្រាប់ខេត្តសៀមរាប រហូតដល់បំណាច់ឆ្នាំ២០១៧កន្លងទៅនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ តាមរយៈការខិតខំប្រឹងប្រែងពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ។
ទន្ទឹមនឹងជោគជ័យជាទីមោទនៈទាំងនេះ អភិបាលខេត្តសៀមរាប បានស្នើដល់អង្គសន្និបាតទាំងមូលនេះ រកឲ្យឃើញនូវធាតុចូលបន្ថែមទៀតដោយផ្តោតលើ ទី១៖ ការងារអភិវឌ្ឍន៍ទីក្រុង និងទីប្រជុំជនស្រុក និងការងារដីធ្លី, ទី២៖ការគ្រប់គ្រងធនធានធម្មជាតិ និងវិធានការទប់ស្កាត់, ទី៣៖ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ទី៤៖ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និងទី៥៖ការផ្តល់សេវាសាធារណៈ។
លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ទោះបីទាំងសន្ដិសុខ សណ្ដាប់ធ្នាក់ ការផ្ដល់ជូននូវសេវាសាធារណៈ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មខាងវិស័យទេសចរណ៍ កសិកម្ម អគ្គីសនី ទឹកស្អាត់ និងវិស័យនានាមានការរីកចម្រើន ប្រកបដោយជោគជ័យយ៉ាងណាក្ដី ក៏នៅតែបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យកាន់តែប្រសើរបន្ថែមទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាននិរន្តរភាព សម្រាប់សង្គមជាតិ៕