(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារ បានបញ្ជាក់ថា ក្នុយរយៈពេល៥ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស បានសម្រេចសមិទ្ធផលធំជាច្រើន ដល់វិស័យការពារជាតិកម្ពុជា ផ្នែកថែទាំគ្រឿងសព្វាវុធ យុទ្ធភ័ណ្ឌជាដើម ដើម្បីប្រកួតប្រជែកផ្នែកបច្ចេកទេសសព្វាវុធជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានថ្លែងបែបនេះ ក្នុងពិធីរៀបចំសិក្ខាសាលា ការងារបច្ចេកទេស ទូទាំងកងពលយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំ បន្ត(២០១៨-២០២២) កងពលតូចថ្នើរជើងលេខ៧០ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានបន្តថា អគ្គនាយកដ្ឋាន បានខិតខំយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងគ្រឿងបំពាក់សម្ភារ បច្ចេកទេសគ្រប់ប្រភេទ និងតាមដានការងារអនុវត្តបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ជំរុញដល់ការគ្រប់គ្រង កងឯកភាព ពង្រឹងការគ្រប់គ្រង និងផ្តល់អាទិភាពរក្សាទុកតំណែងបុគ្គលិកជំនាញបច្ចេកទេសដែលបានចាត់តាំង នៅតាមកងឯកភាពនីមួយៗ ដើម្បីធានានិរន្តភាពការងារបច្ចេកទេស។ មិនតែប៉ុណ្ណោះ បានចុះត្រួតពិនិត្យលទ្ធភាពការងារ និងតាមតាមដានគ្រប់គ្រងស្ថិតិទាំងបរិមាណ និងគុណភាព នៃការងារជួសជុលថែទាំឧបករណ៍សម្ភារៈ មធ្យោបាយ និងយុទ្ធោបករណ៍ តាមកងឯកភាព កងទ័ពជើងគោក ជើងទឹក ជើងអាកាស និងទ័ពជំនាញក្រោមកិច្ចសហការយ៉ាងជិតស្និទជាមួយស្ថាប័នជំនាញពាក់ព័ន្ធក្នុងកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានបន្តថាយ៉ាងដូច្នេះថា មិនតែប៉ុណ្ណោះអគ្គនាយដ្ឋាន បានពង្រឹងការងារគ្រប់គ្រងបរិមាណ គុណភាព ទុកដាក់ថែរក្សារាល់សម្ភារៈបច្ចេកទេសគ្រឿងចក្រ ឧបករណ៍ អាវុធយុទ្ធភ័ណ្ឌ សម្ភារៈបរិក្ខាការជួសជុលថែទាំការបំផ្លាញចោល និងការចុះបញ្ជីជាប្រចាំផងដែរ និងធ្វើការទំនាក់ទំនងជាមួយដៃគូរក្នុង និងក្រៅប្រទេសដើម្បីធ្វើការស្រាវជ្រាវកសាងមូលដ្ឋានជួសជុល កែច្នៃផលិតបង្កសម្ភារបច្ចេកទេស គ្រឿងចក្រ ដើម្បីត្រៀមបម្រុងក្នុងស្ថានការបន្ទាប់របស់កងយោធពលខេមរភូមិន្ទកម្ពុជា។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចំពោះបញ្ហានេះ អគ្គនាយកដ្ឋាន បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូរអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រឧបត្ថម្ភផ្នែកឧបករណ៍ សម្ភារៈ និងមធ្យោបាយនានា ដើម្បីពង្រឹងសមត្ថភាព រចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ដល់កងយោធពលខេមរភូមិន្ទ ឲ្យស្របតាមដំណាក់កាលនៃភាពរីកចម្រើនរបស់ប្រទេសជាតិផងដែរ៕