(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតហើយ តែមិនបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ក៏នៅមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ បានដូចគ្នាដែរ ពីព្រោះ គ.ជ.ប នៅតែរក្សាសុពលភាពបញ្ជីឈ្មោះពួកគាត់ដដែល។
លោកអគ្គលេខាធិការ ទេព នីថា បានថ្លែងយ៉ាងដូច្នេះថា៖ «ឈ្មោះគាត់ត្រូវបានរក្សាទុកក្នុងបញ្ជីបោះឆ្នោត តាមនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត គឺយើងមិនតម្រូវឲ្យគាត់មកចុះឈ្មោះថ្មីម្ដងទៀតទេ លើកលែងក្នុងករណីគាត់ផ្លាស់ទីលំនៅចេញពីឃុំ-សង្កាត់ដែលគាត់រស់នៅ អីញ្ចឹងទេ អ្នកដែល មិនបានបោះឆ្នោតឆ្នាំ២០១៧ ឈ្មោះរបស់គាត់ជាគោលការណ៍ ត្រូវរក្សាក្នុងបញ្ជីបោះឆ្នោតដដែល ហើយផ្ដល់សុពលភាពបញ្ជីបោះឆ្នោត ក្នុងឆ្នាំ២០១៧ ឈ្មោះរបស់គាត់ក៏នៅក្នុងបញ្ជីនេះដដែល»។
សូមជម្រាបថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានជាង ៧.៨លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចូលរួម បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានតែ ៧,០៤០,៥៩៤នាក់ប៉ុណ្ណោះ ពោលនៅមានប្រជាពលរដ្ឋជាង៧សែននាក់ទៀត ដែលមិនបានចូលរួម បោះឆ្នោតនឹងគេ។
ទោះយ៉ាងណា លោក ទេព នីថា បានលើកឡើងថា អត្រានៃការចូលរួមបោះឆ្នោតឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧នោះ មានរហូតដល់ទៅជាង៩០ភាគរយ ដែលលទ្ធផលនេះបង្ហាញពីភាពល្អប្រសើរ សម្រាប់ប្រតិបត្តិការការងាររបស់ គ.ជ.ប ហើយ គ.ជ.ប ក៏ទទួលបានការកោតសរសើរ ពីសំណាក់ដៃគូជាតិ-អន្តរជាតិនានាផងដែរ៕