(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ បានឲ្យដឹងថា កម្ពុជានឹងរៀបចំប្រភេទកាំជ្រូចវ៉ូងចាស់ៗ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដោយអ្នកជំនាញរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់កងយោធពលខេមរភូមិន្ទ ក្នុងពេលបច្ចុប្បន្ន និងអនាគត។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានថ្លែងបែបនេះ ក្នុងពិធីរៀបចំសិក្ខាសាលា ការងារបច្ចេកទេស ទូទាំងកងពលយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំ បន្ត(២០១៨-២០២២) កងពលតូចថ្នើរជើងលេខ៧០ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានបន្តថា «ពីមុនកាំជ្រូចវ៉ូង យើងប្រើតែក្នុងប្រព័ន្ធសាមញ្ញធម្មតា តែបច្ចុប្បន្ន និងពេលអនាគតសង្ឃឹមថា ប្រព័ន្ធកាំជ្រូចវ៉ូង ត្រូវបានរៀបចំឲ្យលើសពីកម្រិតមុនបន្ថែមទៀត ដើម្បីបំផ្លាញភូមិសាស្ត្រប្រយុទ្ធ ក្នុងលក្ខណៈទ្រុងទ្រាយធំ និងបាញ់បានរយៈចំងាយឆ្ងាយជាងមុនបន្ថែមទៀត ដោយអ្នកជំនាញរបស់កម្ពុជាផងដែរ»។ «ក្នុងន័យនេះមាន័យការបំពាក់កាំជ្រូចវ៉ូងថ្មី អាចនិយាយបានថា កម្ពុជាមានគម្រោងកែម្រួលរបស់ចាស់ដែលមាន ឬប្រសិនបើខ្វះយើងអាចកែសម្រួលបន្ថែមទៀតបាន»។
នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានបន្តយ៉ាងដូច្នេះថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំប្រឹងប្រែងកែទម្រង់ សមត្ថភាពកងយោធពល ខេមរភូមិន្ទ ពីកម្រិតសមត្ថភាពយុទ្ធសាស្ត្រសង្គ្រាមផ្ទៃក្នុង ទៅជាយុទ្ធសាស្ត្រសង្រ្គាម ការពារជាតិ។ ដូច្នេះហើយសម្រាប់កិច្ចការពារត្រូវទាមទារកសាងវិស័យបច្ចេកទេសជាបន្តបន្ទាប់ផងដែរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បន្ទាប់ពីកម្ពុជា មានវិបត្តិជាមួយប្រទេសថៃ វិស័យបច្ចេកទេស កាន់តែទាមទារបង្កើនសមត្ថភាព របស់ខ្លួនបន្ថែមទៀត។ ទាំងនេះមានន័យថា កម្ពុជា មិនមានគំនិតឈ្លានពានប្រទេសនោះទេ ប៉ុន្តែយើងត្រូវតែគិតថា កិច្ចការពារជាតិ គឺជាភារកិច្ចសំខាន់ព្រោះថា កងយោធពលខេមរភូមិន្ទ ការពារសង្គម អធិតេយ្យភាព បូរណភាពដែនដីផងដែរ និងដើម្បីឲ្យកងយោធពលខេមរភូមិន្ទ មានកម្លាំងពិតប្រាកដ មានឧត្តមភាពពិតប្រាកដ គឺកងយោធពលខេមរភូមិន្ទ ត្រូវតែមានគ្រឿងបំពាក់ពិតប្រាកដសម្រាប់កិច្ចការពារជាតិ។
សូមបញ្ជាក់ថា កាំជ្រូចវ៉ូងដែលកម្ពុជា មានគឺបានបន្សល់ពីសម័យសង្រ្គាមផ្ទៃក្នុង ដែលបំពាក់ឡើងដោយប្រទេសរុស្ស៊ីជូនកងទ័ពកម្ពុជា ហើយបច្ចុប្បន្ននេះកាំជ្រូចវ៉ូង វាលក្ខណៈចាស់ដូច្នេះកម្ពុជា ត្រូវកែតម្រូវ កែច្នៃប្រភេទកាំជ្រូចនេះ ឲ្យមានប្រសិទ្ធភាពទាន់សម័យ និងអភិវឌ្ឍគុណភាពរបស់វាឡើងវិញដើម្បីឆ្លើយតប នឹងតម្រូវការរបស់កងយោធពលខេមរភូមិន្ទ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ៕