(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ជាមួយពលករ ពលការិនីជាង៧០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រនៅខេត្ដសាមុតសាខន ប្រទេសថៃ នាព្រឹកទី២៤ ខែមករា ឆ្នាំ២០១៨។
លោក ចាប សុថារិទ្ធ នាយកខុទ្ទកាល័យលោកស្រី ម៉ែន សំអន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធ ជាមួយប្រជាជន និងជាមួយពលករ ពលការិនី ដែលកំពុងធ្វើការនៅក្នុងស្រុក និងនៅក្រៅប្រទេស។
ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានក្រុមការងារ៥ក្រុម មានដូចជា ក្រុមលោកស្រីឧប ម៉ែន សំអន, លោក អ៊ិត សំហេង, លោក ហ៊ុន ម៉ានី, លោក ហ៊ុន ម៉ាណែត និងលោក ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលប្អូនៗជួបប្រទះ។
បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្ដល់លិខិតឆ្លងដែនជូនពលករ យើងដោយមិនគិតថ្លៃ និងបានរៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗ ពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។
សូមបញ្ជាក់ថា រហូតមកពេលនេះ ពលករពលការិនីកម្ពុជា កំពុងធ្វើការងារនៅប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបប្រមាណជាង១លាននាក់ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំទំនាក់ទំនងការងារឲ្យស្របច្បាប់ និងផ្ដល់សិទ្ធឲ្យពលករពលការិនីកម្ពុជា រស់នៅធ្វើដំណើរ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ អាចសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃ ហើយរាជរដ្ឋាភិបាល យើងកំពុងខិតខំជំរុញឲ្យមន្ដ្រីពាក់ព័ន្ធសហការជាមួយអាជ្ញាធរថៃ ផ្ដល់លិខិតស្នាក់នៅ និងធ្វើការដោយ ស្របច្បាប់ឲ្យបានរួចរាល់នៅឆ្នាំ២០១៨នេះ៕