(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០២០ ខាងមុខនេះ ភូមិដាចស្រយាលនានា នៅក្នុងប្រទេសកម្ពុជាទាំង១៤,១៦៨ភូមិ នឹងមានបណ្ដាញអគ្គិសនីប្រើប្រាស់ពេញលេញ រហូតទៅដល់៩៨% ជាមួយនឹងតម្លៃសមរម្យ មានស្ថិរភាព និងមានគុណភាពទៀតផង ខណៈដែលបច្ចុប្បន្ននេះភូមិចំនួន៨១.៦ភាគរយ មានអគ្គិសនីគ្របដណ្ដប់ពេញលេញ និងបានធ្វើឲ្យលំនៅដ្ឋានរហូតដល់៦៨.៦៤% មានអគ្គិសនីប្រើប្រាស់។
ថ្លែងក្នុងកម្មវិធីបើកសន្និបាត បូកសរុបការងារបញ្ចប់ឆ្នាំ២០១៧ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ លោក ស៊ុយ សែម បានថ្លែងឲ្យដឹងថា «ប្រសិនបើយើងគិតតាមល្បឿន នៃការអភិវឌ្ឍន៍បណ្ដាញផ្គត់ផ្គង់អគ្គិសនីគ្រប់ប្រភេទ ដែលយើងអាចធ្វើបានក្នុងរយៈ២ទៅ៣ឆ្នាំកន្លងមកនេះ យើងសង្ឃឹមថា ដល់ចុងឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា មិនត្រឹមតែមានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗទេ តែយ៉ាងហោចណាស់មាន៩៨ភាគរយ នៃភូមិទាំងអស់ នឹងមានអគ្គិសនីប្រើប្រាស់ចេញពី ប្រភពអគ្គិសនីរបស់បណ្ដាញជាតិ ដែលមានតម្លៃទាបសមរម្យ មានការអនុគ្រោះថ្លៃ មានស្ថិរភាព និងមានគុណភាពថែមទៀតផង»។
លោកបានបញ្ជាក់បន្ថែមទៀតថា ចំណែកការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានប្រជាពលរដ្ឋវិញ តាមការប៉ាន់ស្មានរបស់អ្នកសិក្សាថារហូតដល់ឆ្នាំ២០៣០ ទើបលំនៅដ្ឋាន៧០% អាចមានអគ្គិសនីប្រើប្រាស់ ប៉ុន្តែពេលនេះ តាមស្ថិតិរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថានៅចុងឆ្នាំ២០១៧ លំនៅដ្ឋានដែលបានភ្ជាប់ចរន្ដអគ្គិសនី រួចរាល់មានចំនួន៦៨.៦៤%។
លោកបានឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើការតភ្ជាប់ចរន្ដអគ្គិសនី ដល់អ្នកប្រើប្រាស់អគ្គិសនី គ្រប់ប្រភេទបាន២៥ម៉ឺនទីតាំងបន្ថែមទៀត ក្នុងប្រទេសកម្ពុជា ធ្វើឲ្យទីតាំងដែលមានអគ្គិសនីប្រើប្រាស់សរុបកើនឡើងដល់ ២,៤០៩,៩០៧ទីតាំង។
លោក ស៊ុយ សែម បានថ្លែងបន្ដថា ក្នុងចំណោមទីតាំងទាំង២៥ម៉ឺននេះ មានលំនៅដ្ឋានចំនួន២,៣១៥,៩៣០កន្លែង មានទីតាំងអាជីវកម្ម ឧស្សាហកម្ម និងរដ្ឋបាល ៨៩,១០៨កន្លែង និងមានទីតាំងដែលជាស្ថាប័នរដ្ឋចំនួន៤,៨៦៩កន្លែង។
ជាមួយគ្នានោះ យោងតាមលទ្ធផលនៃការចុះអង្កេត របស់ក្រុមសិក្សាក្នុងក្របខណ្ឌ នៃគម្រោងវាយតម្លៃការផ្គត់ផ្គង់អគ្គិសនីកម្ពុជា របស់ធនាគារពិភពលោកនៅឆ្នាំ២០១៧ ថ្មីៗនេះក៏បានទស្សទាយថា មានលំនៅដ្ឋានចំនួន៧១.៥% បានទទួលការផ្គត់ផ្គង់អគ្គិសនីរួចហើយ ដូច្នេះប្រសិនបើគិតតាមលទ្ធផលនេះឃើញថា កម្ពុជាបានសម្រេចលទ្ធផល នៃការភ្ជាប់ចរន្ដអគ្គិសនី ឲ្យលំនៅដ្ឋានអ្នកប្រើប្រាស់មុនគោដៅប៉ាន់ស្មាន របស់ក្រុមអ្នកសិក្សាដល់១៣ឆ្នាំ៕