(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចេញពីមាតុភូមិកម្ពុជា ទៅចូលរួមវេទិកាទេសចរណ៍អាស៊ាន នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៦ ខែមករា។
វេទិកាទេសចរណ៍ខាងលើ នឹងមានកិច្ចប្រជុំសំខាន់ៗមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ានបូក៣ អាស៊ានឥណ្ឌា កិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន កូរ៉េ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ស្អែកនេះ។
ក្រៅពីនេះ ក៏មានកម្មវិធីជួបប្រជុំសមាគមឧស្សហកម្មទេសចរណ៍អាស៊ាន ការប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានដល់ប្រទេសសមាជិកអាស៊ាន និងកម្មវីធីពិព័រណ៍ទេសចរណ៍អាស៊ាន ដែលមានការចូលរួមពីប្រត្តិបត្តិករទេសចរណ៍អាស៊ាន ជាអ្នកលក់ និងអ្នកទិញពីក្នុងតំបន់ និងពិភពលោកផងដែរ។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមវេនវិលជុំ នៃប្រទេសជាសមាជិកទាំង១០ ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរួចហើយ កាលពីឆ្នាំ២០១១នៅរាជធានីភ្នំពេញ។ បន្ទាប់ពីប្រទេសថៃ ឆ្នាំ២០១៨នេះ នឹងដល់វេនប្រទេសវៀតណាមវិញម្ដង នៅឆ្នាំ២០១៩ និង ប្រុយណេ នៅឆ្នាំ២០២០។
គួររំឭកដែរថា នៅឆ្នាំ២០១៧ អាស៊ានទាំងមូលទទួលបានទេសចរប្រមាណ ១២៥លាននាក់ ក្នុងកំណើន ៩.៧%៕