(ភ្នំពេញ)៖ មេចុងភៅដៃឆ្នើម គំនិតខ្ពស់ក្នុងការច្នៃប្រឌិតដ៏ប្រណិតនៅកម្ពុជា លោក លូ ម៉េង បានថ្លែងថា លោកនឹងបង្ហាត់បង្រៀនកូនខ្មែរជំនាន់ក្រោយៗនេះ ឲ្យចេះចម្អិនម្ហូបរបស់ប្រទេសបារំាងមួយមុខទៀត ដោយកន្លងមកនៅកម្ពុជាមានហើយ ការចម្អិនម្ហូបបែបចិន ឥណ្ឌា អ៊ីតាលី ពេលនេះលោកនឹងបន្ថែម រូបមន្ដក្បួនខ្នាតដើមកំណើតនៃប្រទេសបារំាងមួយទៀត ឲ្យកាន់តែមានភាពសម្បូរបែបនៃរសជាតិអាហារ ឲ្យស្របនឹងប្រទេសយើង មានសុខសន្ដិភាព និងមានការរីកចម្រើនទាំងសេដ្ឋកិច្ច ទាំងការអភិវឌ្ឍន៍នានា ពិសេសកំណើននៃភ្ញៀវទេសចរណ៍ផងដែរ។
លោកថ្លែងក្នុងឱកាសលោកចូលជាសមាជិកសមាគមន៍ចុងភៅល្បីល្បាញ Escoffier របស់ប្រទេសបារំាង ទៀតថា «ម្ហូបល្អគឺចេញពីប្រភពតែមួយទេ ដែលគេហៅថា សៀវភៅរូបមន្ដដើមរបស់បារាំង ដែលបានគេចងក្រងពីសម័យមុន ពេលដែលយើងចូលជាសមាជិកចុងភៅនេះ យើងនឹងបានរៀនសូត្រច្រើន ពីរបៀប និងវិធីសាស្ដ្រ តាមរូបក្បួនខ្នាតត្រឹមត្រូវ ដោយពេលខ្លះ យើងឆ្ងល់ថា ហេតុអ្វីគេត្រូវចម្អិន ៤ម៉ោង ហើយខ្លះទៀត ២នាទីនោះ ដែលនឹងធ្វើឲ្យម្ហូបរបស់គេ ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ចឹងបើយើងចេះតែធ្វើតាមអ្វីដែលយើងនឹកឃើញ ឬផ្លូវកាត់នោះ វានឹងមិនអាចរក្សារសជាតិ ម្ហូបយើងបានល្អដូចគេទេ ។ហេតុនេះ ខ្ញុំនឹងយកចំណេះ និងក្បួនធ្វើម្ហូបនេះ ដែលជាភាសាបារំាង ទៅបកប្រែជាភាសាខ្មែរ ដើម្បីបង្រៀនដល់កូនខ្មែរយើងបន្ដទៀត»។
ទន្ទឹមនឹងនោះ លោក Robert Fontana ប្រធានសមាគមន៍ ចុងភៅល្បីល្បាញ Escoffier នៅអាស៊ី បានថ្លែងថា «ពេលនេះសមាជិករបស់យើងមានជាង៣ម៉ឺននាក់ទូទាំងប្រទេស លក្ខខណ្ឌដែលអាចចូលជាសមាជិកបាន គឺចុងភៅនោះ បានធ្វើជាប្រធានចុងភៅ រយៈពេល៥ឆ្នាំ ហើយថ្ងៃនេះយើងក៏បានបញ្ជូលសមាជិកថ្មីបន្ថែមទៀត ដោយក្នុងនោះ មានប្រទេសកម្ពុជាមួយដែរ។
គោលបំណងនៃការបង្កើតនូវសមាគមន៍នេះឡើង គឺដើម្បីបង្រៀនចុងភៅ ជំនាន់ក្រោយៗទៀត ឲ្យមានលទ្ធភាពធ្វើម្ហូបលំដាប់អន្ដរជាតិ តាមក្បួនខ្នាតរូបមន្ដដើម របស់ប្រទេសបារំាង និងឲ្យបណ្ដាប្រទេសដទៃទៀត ស្គាល់រសជាតិពិត នៃអាហារបែបបារំាងយ៉ាងម៉េចនោះ ទោះមិនបានទៅបារំាងផ្ទាល់ តែរសជាតិអាហារពិតរបស់ប្រទេសបារាំង លោកអ្នកបានស្គាល់ នៅប្រទេសរបស់អ្នក»។
ព្រមជាមួយគ្នានេះផងដែរ លោក Sakal Phoeung មេចុងភៅ និងប្រធានសមាជិក Escoffier ប្រចាំប្រទេសវៀតណាម បានថ្លែងថា លោកចូលជាសមាជិក Escoffierនេះ ប្រមាណ៧ឆ្នាំមកហើយ ក្នុងនោះលោកក៏បាននូវក្បួនខ្នាតរូបមន្ដដើមរបស់បារំាង ក្នុងសមាគមន៍នេះ យកប្រើប្រាស់ ក្នុងការចម្អិនម្ហូបនៅប្រទេសរបស់លោក ហើយលោកក៏បានបង្រៀននូវចំណេះដឹងនោះ ទៅកាន់កូនចៅជំនាន់ក្រោយ ដែលស្រលាញ់ចូលចិត្ដ និងចង់ធ្វើជាចុងភៅនោះ ។ដូច្នេះលោកបានបង្រៀនដល់ក្រុមការងារចុងភៅរបស់លោកបានច្រើន ពិសេសធ្វើឲ្យប្រទេស មានស្ដង់ដារលើអាហារបារំាងទៀតផង។
លោក លូ ម៉េង បានបញ្ជាក់ថា ធ្វើអ្វីមួយ ត្រូវតែព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ហើយលោកនឹងជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យចេះឆក់យកឱកាស ដូច្នេះប្រជាជនកម្ពុជា ត្រូវការប្រឹងប្រែងធ្វើការឲ្យខ្លាំងក្លា និងចាប់ផ្តើមពីមូលដ្ឋានគ្រឹះ។ សូមចាំថា យើងមិនដែលស្ថិតនៅលើផ្លូវអវិជ្ជមានរហូតនោះទេ, មានរបកគំហើញ និងការប្រកួតប្រជែងថ្មីៗច្រើនណាស់។ អ្វីក៏ដោយ ឲ្យតែយើងចង់ធ្វើ យើងត្រូវតែផ្តោតយកចិត្តទុកដាក់ និងធ្វើដោយខ្លួនឯង ដោយចាប់ផ្តើមពីចំណុចដំបូង។
លោក លូ ម៉េង មិនត្រឹមជាមេចុងភៅឆ្នើមប្រចាំកម្ពុជា ក៏ជាប្រធានសមាគមសណ្ឋាគារកម្ពុជា ជាស្ថាបនិកនៅម្នាក់ក្នុងចំណោមស្ថាបនិកបង្កើត La Confrerie de la Chaine des Rotisseurs នៅកម្ពុជា និងជាម្ចាស់សណ្ឋាគារAlmond ដោយលោកមានភោជនីយដ្ឋានអាហារចិន៣កន្លែង គឺ Yi sang ស្ថិតនៅក្នុងសណ្ឋាគារAlmond, Yi sang នៅតាមមាត់ទន្លេចតុមុខ និងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងនោះក៏បើកនូវភោជនីយដ្ឋានអាហារជប៉ុនឈ្មោះ Kanji នៅផ្លូវសុធារស ហើយលោកក៏បានចាប់ដៃគូជាមួយភោជនីយដ្ឋាន Arnaud Darcat, ភោជនីយដ្ឋានម្លិះ និងភោជនីយដ្ឋាន តូប៉ាហ្ស ផងដែរ៕