(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់អាមេរិក BuzzFeed ធ្វើកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាពេលថ្មីៗ ហើយចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះដោយបានហៅ «អង្គភាពព័ត៌មាន Fresh News ថាជាបណ្តាញព័ត៌មានដ៏មានឥទ្ធិពលនៅកម្ពុជា»។
សារព័ត៌មាន BuzzFeed ដ៏ល្បីរបស់អាមេរិកមួយនេះបានសរសេរថា៖ «Fresh News ជាគេហទំព័រព័ត៌មានដ៏មានឥទ្ធិពលមួយនៅកម្ពុជា ដោយមានលោក លឹម ជាវុត្ថា ជាស្ថាបនិក និងជាអ្នកជាដឹកនាំក្នុងស្ថាប័នព័ត៌មានវ័យក្មេងមួយរូប។ លោក លឹម ជាវុត្ថា ដែលកំពុងស្ថិតក្នុង វ័យ៣៨ឆ្នាំ បានថ្លែងដោយភាពជំនឿចិត្តបង្ហាញអំពីការយល់ឃើញថា គេហទំព័រ Fresh News ជាបណ្ដុំនូវព័ត៌មានទាន់ហេតុការណ៍ដ៏សម្បូរបែប ដែលបង្ហាញការគាំទ្រយ៉ាងជាក់ស្តែងទៅលើរាជរដ្ឋាភិបាល។ លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន»។
សារព័ត៌មានអាមេរិកដដែលមួយនេះបានចេញផ្សាយថា៖ «Fresh News ផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនតាមរយៈ App, Website និងបណ្តាញ ទំនាក់ទំនង Facebook ដែលជាប្រភពព័ត៌មានដ៏សំខាន់ និងមានប្រជាប្រិយភាពនៅកម្ពុជា។ Fresh News បានផ្សព្វផ្សាយព័ត៌មាន យ៉ាងច្រើនក្នុងមួយថ្ងៃ និងបានវាយប្រហារធ្ងន់ៗទៅគណបក្សប្រឆាំង និងមន្រ្តីជាន់ខ្ពស់របស់បក្សប្រឆាំង ព្រមទាំងទម្លាយវិដេអូឃ្លីប ដែលជាភស្តុតាង លោក កឹម សុខា ថ្លែងសុន្ទរកថាក្នុងទីក្រុង ម៉ែលបន ប្រទេសអូស្ត្រាលី បង្ហាញចោទប្រកាន់លោក កឹម សុខា ជាអ្នករៀបចំគម្រោងការចង់ធ្វើបដិវត្តពណ៌ដើម្បីទម្លាក់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៃកូនស្រីរបស់លោក កឹម សុខា ជាមួយបុរសម្នាក់ដែលគេសង្ស័យថា ជាភ្នាក់ងារស៊ើបអង្កេត CIA។ Fresh News បានផ្សាយថា វីដេអូទាំងនោះជាភស្តុតាង បន្ថែមដែលអះអាងពីគម្រោងការក្បត់របស់លោក កឹម សុខា ក្នុងការបដិវត្តពណ៌ទម្លាក់រាជរដ្ឋាភិបាល»។
នៅពេលសួរអំពីភាពរីកចម្រើន នៃគេហទំព័រ លោក លឹម ជាវុត្ថា បានអះអាងពីចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដោយបង្ហើបថា អ្នកចូលទស្សនា គេហទំព័រនេះចំនួនជាង ១០លានក្នុងរយៈពេលមួយខែ និងចំនួនអ្នកទាញយកកម្មវិធី ( Download App) ចំនួន១៤០០ដងក្នុងមួយថ្ងៃ ឬក្នុងមួយខែប្រមាណ៤ម៉ឺនគ្រឿង។ គិតដើមឆ្នាំ២០១៨នេះ Fresh News មានមិត្តអ្នកអាននៅលើ App ប្រមាណជា ១.១លាននាក់ លើគេហទំព័រមានអ្នកចូលទស្សនាប្រចាំថ្ងៃជាង៥០ម៉ឺននាក់ ខណៈលើ Facebook មានអ្នកចុច Like ជិត២.៥លានទៅហើយ៕