(ភ្នំពេញ)៖ នៅម៉ោង៨៖៥៥នាទីព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដែល្លី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក ង្វៀន សួនហ៊្វុកនាយករដ្ឋមន្រ្ដីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
ក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសនេះ សេចក្ដីថ្លែងការណ៍ទីក្រុងញូវដែល្លី នឹងត្រូវបានអនុម័តផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការវិញ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ស្រ៊ី រ៉ាម ណាត កូវិនដ៏ (Shri Ram Nath Kovind) ប្រធានាធិបតីឥណ្ឌា និងលោក ស្រ៊ី ម. វ៉េនកៃអាហ៍ ណៃឌូ (Shri M. Vekaiah Naidu) អនុប្រធានាធិបតីឥណ្ឌា ក៏ដូចជានឹងទទួលជួបសម្តែងការគួរសមដោយលោកស្រី ស៊ូសម៉ា ស្វារ៉ាជ (Sushma Swaraj) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ សម្តេចតេជោក៏នឹងអញ្ជើញដាក់កម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធ លោក មហាត្មៈ គន្ធី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនហើយនឹងបន្តដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ ក្នុងឱកាសស្នាក់នៅប្រទេសឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះនៅឯវេទិកាធុរៈកិច្ចឥណ្ឌា-កម្ពុជាផងដែរ ដើម្បីបង្ហាញពីឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគឥណ្ឌា មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។
យោងតាមក្រសួងការបរទេស ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមរំលឹកថា ដំណើរចេញទៅប្រទេសឥណ្ឌានៅថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅដើមឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា អំឡុងពេលតែជាង ២សប្តាហ៍ប៉ុណ្ណោះ សម្តេចបានជួបជាមួយដឹកនាំនៃប្រទេស ដែលមានប្រជាជនជាង ១ពាន់លាននាក់រហូតដល់ទៅពីរប្រទេស គឺនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍ទី២ នៃខែមករានេះ ហើយសប្តាហ៍ទី៣ នៃខែដដែលនេះ សម្តេចបន្តទៅជួបមេដឹកនាំប្រទេសឥណ្ឌា។
សម្តេចបានគូសរំលេចថា តាមរយៈជំនួបជាបន្តបន្ទាប់ជាមួយប្រទេសមានប្រជាពលរដ្ឋច្រើន និងមានសេដ្ឋកិច្ចជឿនលឿននៅអាស៊ីទាំងពីរនេះ ជាការបង្ហាញឲ្យឃើញពីការសាងនូវទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងអស់នេះ៕