(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានរៀបចំបើកសន្និបាត ដើម្បីបូកសរុបការងារបញ្ចប់ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
សន្និបាតខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីមន្រ្តីមកពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អាជ្ញាធររាជធានី-ខេត្តទាំង២៥ អគ្គិសនីកម្ពុជា តំណាងអាជ្ញាធរខេត្តស្រុកឃុំ អ្នកផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស និងតំណាងអ្នកប្រើប្រាស់អគ្គិសនីសរុបចំនួនជាង៦០០នាក់។
សន្និបាតនេះ នឹងមានការណែនាំពីគោលនយោបាយ យុទ្ធសាស្រ្ត និងផែនការ ក្នុងការអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជា ដោយលោករដ្ឋមន្រ្តី និងរបាយការណ៍របស់លោកប្រធាន អាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពី វឌ្ឍនភាព នៃការផ្តល់សេវាអគ្គិសនីគ្រប់ប្រភេទ និងបញ្ហាប្រឈមដែលកើតមានក្នុងរយៈពេលកន្លងមក។
ក្នុងសន្និបាតនេះ នឹងបើកឱកាសឲ្យអ្នកពាក់ព័ន្ធចូលរួមពិភាក្សាអំពី ការប្រឈមទាំងឡាយដែលកើតឡើង ដើម្បីលើកទិសដៅកែលម្អសម្រាប់ការអនុវត្តនៅឆ្នាំ២០១៨។
សន្និបាតលើកនេះ អាជ្ញាធរអគ្គិសនីកម្ពុជា មានបំណងផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អគ្គិសនីចំនួន១០០នាក់ ដែលមានបំណងចង់ស្វែងយល់ពីវឌ្ឍនភាព ក្នុងវិស័យអគ្គិសនី និងចង់ចូលរួមផ្លាស់ប្តូរយោបល់អំពី បញ្ហាអគ្គិសនី ចូលរួមក្នុងសន្និបាតនេះ៕