(ភ្នំពេញ)៖ ក្រុមអ្នកនយោបាយអស់សិទ្ធិធ្វើនយោបាយ នៃអតីតបក្សប្រឆាំងទំនងជាដើរដល់ផ្លូវទាល់ច្រកមែនទែនហើយ ក្រោយពីក្តីសង្ឃឹម ចុងក្រោយ ដាក់លើក្រុមប្រទេសម្ចាស់ជំនួយមួយចំនួន ជាពិសេសបរទេសដែលជាចៅហ្វាយរបស់ពួកគេ ហាក់ដូចជាគ្មានបានលទ្ធផលអ្វីសោះ។ ហេតុដូច្នេះហើយបានជាក្រុមអ្នកនយោបាយក្បត់ជាតិទាំងនេះ មិនអៀនខ្មាស នៅក្នុងការបន្តបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនទៀតឡើយ។ ទណ្ឌិត សម រង្ស៊ី បានប្រកាសបង្កើតចលនាសង្គ្រោះជាតិ ដែលជាចលនាឧទ្ទាមក្រៅច្បាប់ដើម្បីប្រមូលកម្លាំង និងឡើងគ្រប់គ្រងកម្លាំង ប្រឆាំងឡើងវិញ ខណៈជនក្បត់ជាតិម្នាក់ទៀតគឺ អេង ឆៃអ៊ាង ព្រមទាំងបក្ខពួកបានប្រកាសបំផ្លាញផលប្រយោជន៍ខ្មែរ តាមរយៈការដើរតត្រុក ដូចសត្វសុនខ នៅតាមក្រុមហ៊ុននានា ដែលបានទិញផលិតផលពីប្រទេសកម្ពុជា ដើម្បីទាមទារឱ្យដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ក្នុងគោលបំណង ក្នុងចេតនាញុះញង់ក្រុមហ៊ុនទាំងនោះឈប់បញ្ជាទិញទំនិញពីកម្ពុជាដើម្បីអ្វីដែលគេថា ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីទាមទារឱ្យសពនៃបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយ កឹម សុខា រួចចាកពីគុកច្រវ៉ាក់។

ចលនាសង្គ្រោះជាតិដែលសម រង្ស៊ី បង្កើតឡើងគឺគ្រាន់តែជាចលនាឧទ្ទាមខុសច្បាប់មួយប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច ហើយដើម្បីចាត់វិធានការទប់ស្កាត់និងបង្ក្រាប។ សម រង្ស៊ី ខ្លួនឯងក៏បានទទួលស្គាល់ថា ចលនាសង្គ្រោះជាតិនេះគឺជាចលនាឧទ្ទាមខុសច្បាប់ ហេតុដូច្នេះហើយបានជាអំពាវនាវ ដល់អ្នកគាំទ្រចលនានេះ ត្រូវនៅស្ងប់ស្ងៀម និងកុំធ្វើសកម្មភាពដោយចំហរខ្លាចអាជ្ញាធរបង្ក្រាប។ សម រង្ស៊ី បានសារភាពថា អ្វីដែលគណបក្សសង្រ្គោះជាតិ មិនអាចធ្វើបានដោយចំហកន្លងមក ឥឡូវអាចធ្វើបានដោយចំហ និងដោយចេញមុខ ក្រោមចលនាសង្រ្គោះជាតិនេះហើយ។ នេះគឺការញុះញង់ និងការបញ្ចុះបញ្ចូល តាមគ្រប់ទម្រង់ និងប្រកបដោយឧបាយកលបោកបញ្ឆោត ដើម្បីឱ្យប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាច និងឱ្យកងកម្លាំងប្រដាប់អាវុធ មិនស្តាប់បង្គាប់បញ្ជារបស់រដ្ឋអំណាច ដើម្បីនូវសម្រេចគោលដៅធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។

វាពិតជាគ្មានអ្វីចម្លែកឡើយ ដែល សម រង្ស៊ី ញុះញង់រឿងនេះជាច្រើនលើកច្រើនសាព្រោះទណ្ឌិតរូបនេះ នៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា និងសងសឹកកម្ពុជាជំនួសឱ្យ ឪពុកខ្លួនដែលជាជនក្បត់ជាតិ។ គ្រប់សកម្មភាពរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំង ក្រៅច្បាប់នេះ គឺដើម្បីតែបំផ្លាញខ្មែរក្រោមខ្សែញាក់នៃចៅហ្វាយបរទេសរបស់ខ្លួន។ ពួកគេបានលក់ឧត្តមគតិជាតិរបស់ខ្លួនដើម្បីប្តូរនឹងអំណាច ហើយសុខចិត្តឱនក្បាល ឱ្យបរទេសជាន់ និងយកបូរណភាពដែនដី ក៏ដូចជាកិត្តិយសជាតិទៅដាក់ក្រោមបាតជើង របស់បរទេស។ សម រង្ស៊ី និងគូកនខ្លួននៅតែបន្តការញុះញង់បំផ្ទុះបដិវត្តន៍ពណ៌នៅ កម្ពុជា ក្រោយពេលកើតមានបដិវត្តន៍ពណ៌ជាបន្តបន្ទាប់នៅក្នុងពិភពអារ៉ាប់ ហើយគណបក្សសង្រ្គោះជាតិ ក៏ធ្លាប់បានដឹកនាំ និងចាត់តាំងអនុវត្តសកម្មភាព និងឧបាយកលទាំងនេះ ក្រោមលេសប្រជាធិបតេយ្យ និងជំនួយឧបត្ថម្ភពីបរទេសពិសេស ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃដែល កឹម សុខា ធ្លោះធ្លោយបញ្ចេញអាថ៌កំបាំងទាំងនេះ ហើយត្រូវបានចាប់ខ្លួន និងមានដំណើរការនីតិវិធីច្បាប់រហូតឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិផងដែរ។

សម រង្ស៊ី ខ្លួនឯងក៏បានសារភាពខ្ជាក់ចេញជាភស្តុតាងយ៉ាងច្បាស់ថា គោលដៅចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ និងបន្តក្រោមឈ្មោះថ្មីជាចលនាសង្រ្គោះជាតិ គឺការប្រមូលកម្លាំងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៨។ ដូច្នេះ ជាមួយការបង្កើតចលនាសង្រ្គោះជាតិ និងការបង្ហាញអំពីផែនការ និងសកម្មភាពដែលចលនានេះត្រូវធ្វើ សម រង្ស៊ី បានផ្តល់ភស្តុតាងជាទឡ្ហីករណ៍បន្ថែមយ៉ាងរឹងមាំថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ និងបានទាន់ពេលវេលា ហើយបានបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ ធ្វើបដិវត្តន៍ពណ៌ក្នុងស្រុក ធានាបាននូវស្ថិរភាព និងសន្តិភាព ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមគ្រប់រូបភាព ពិសេសជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ ពីប្រទេសមហាអំណាច។ កងយោធពលខេមរភូមិន្ទ ប្ដេជ្ញាការពារយ៉ាងដាច់ខាត នូវសន្ដិភាព បូរណភាទឹកដី ការពារសន្ដិសុខសណ្ដាប់ និងទប់ស្កាត់ឧបាយលកបដិវត្តពណ៌ របស់អតីតគណបក្សសង្គ្រោះជាតិ។ រាល់ទង្វើណាខុសច្បាប់ត្រូវតែកម្ចាត់ឲ្យខាងតែបាន និងប្រសិទ្ធភាពខ្ពស់ មិនត្រូវឲ្យមានការលើកលែង និងអនុគ្រោះនោះទេ ព្រោះច្បាប់បានកំណត់រួចអស់ហើយ។ ទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកាសធ្វើ «ចលនាសង្គ្រោះជាតិ» នោះ គឺជាសកម្មភាព ភេវកម្មសុទ្ធសាធ។ ចលនាសង្គ្រោះជាតិ ជាចលនាឧទ្ទាមនយោបាយខុសច្បាប់ ដែលត្រូវតែកម្ទេចចោល! ឥឡូវនេះតើមាននរណាហ៊ានប្រកាសចូលរួមនិងទទួល ស្គាល់ចលនាឧទ្ទាមខុសច្បាប់នេះទេ?

នៅពេលដែលក្លាយជាឧទ្ទាមខុសច្បាប់ នោះអ្នក ពិតជាមិនអាចរត់រួចពីសំណាញ់ច្បាប់កម្ពុជាបានឡើយ។ ទោះបីជាក្រុមសម រង្ស៊ី ធ្វើផ្គរ ធ្វើភ្លៀងនៅតាមប្រទេសមួយចំនួនបាន ហើយពលរដ្ឋមួយចំនួននៅក្រៅប្រទេសអាច ចូលរួមក្នុងចលនាឧទ្ទាមនេះបានតាមការពង្វក់ និងបំភ័ន្តពីទណ្ឌិត សម រង្ស៊ី ប៉ុន្តែសូមកុំភ្លេចថាច្បាប់នៅប្រទេសកម្ពុជា នឹងមិនលើកលែងឱ្យអ្នកឡើយ ព្រោះអ្នកបាននិង កំពុងតែចូលរួមក្នុងចលនាឧទ្ទាមខុសច្បាប់ប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជា។

រហូតមកទល់ពេលនេះ អ្នកនយោបាយដែលអួតខ្លួនឯងថា ជាអ្នកសេ្នហាជាតិ ស្រឡាញ់ប្រជាជនពេញៗមាត់ ទីបំផុត បានបង្ហាញនូវចរិតទុច្ចរិតបំផ្លាញជាតិរបស់ខ្លួនហើយ។ ប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់រួចហើយនូវអំពីទុច្ចរិតរបស់ពួកគេ ដែលយកឈ្មោះថាស្នេហាជាតិមកបំផ្លាញជាតិ តាមរយៈការបង្កើតចលនាសង្គ្រោះជាតិ ដែលជា យន្តការក្រៅអតីតបក្សសង្គ្រោះជាតិដែល សម រង្ស៊ី បង្កើតឡើងដើម្បីជួយសង្គ្រោះជីវិតនយោបាយរបស់ខ្លួន និងឈានក្តាប់កម្លាំងប្រឆាំងឡើងវិញប៉ុណ្ណោះ។ ប៉ុន្តែទំនងពួកគេអស់ក្បាច់ ទ័លច្រក ហើយអ្វីដែលខ្លួនដើរញុះញង់បរទេស គេមិនស្តាប់ គេមិនធ្វើតាម ព្រោះដោយយល់ឃើញថាក្រុមនេះមិនបានជួយជាតិឡើយ មានតែដើរបំផ្លាញជាតិខ្លួនឯង។

ដូច្នេះរវាងអ្នកបំផ្លាញជាតិដូចក្រុម សម រង្ស៊ី កឹម សុខា និងអ្នកសង្គ្រោះជាតិ និង កសាងជាតិរដ្ឋាភិបាលបរទេសទាំងនោះបាន ជ្រើសរើសនិងផ្តល់តម្លៃដល់អ្នកដែលបាន កសាងសន្តិភាព និងធ្វើឱ្យជាតិ និងប្រជាជនមានសេចក្តីសុខ និងប្រកបដោយការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ម្យ៉ាងទៀត កាលដែលរដ្ឋាភិបាលបរទេសមួយចំនួនដែលក្រុម បក្សប្រឆាំងគិតអាចជួយខ្លួនបាន ជួនកាលពួកគេមិនអាចនឹងជួយសង្គ្រោះខ្លួនឯងបានផង និងដោយសារតែនីតិវិធីស្មុគស្មាញ។

ហេតុដូច្នេះហើយបានជាជំរុញឱ្យក្រុមបក្សប្រឆាំងក្រៅច្បាប់នេះ សម្រេចចិត្តទាំង បំពានច្បាប់ប្រកាសបង្កើតចលនាឧទ្ទាមខុសច្បាប់ និងចាប់ផ្តើមដើរតត្រុកនៅមុខក្រុមហ៊ុន ប្រៀបាននឹងឆ្កែវង្វេងផ្ទះ ជាតិសាសន៍ឯងលែងរវីរវល់ ទោះធ្វើអ្វីប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ស្រុកទេស ក៏ពួកគេមិនរវីរវល់ដែរ ប៉ុន្តែប្រសិនបើពួកគេកាន់តែធ្វើខុស វានឹងបង្ហាញកាន់តែច្បាស់ពីចេតនាអាក្រក់របស់ខ្លួនចំពោះប្រជាជន និងឱ្យប្រជាជនដឹងថាពួកគេជានរណាពិតប្រាកដ។ ពួកគេប្រកាសដើរតាមក្រុមហ៊ុននេះគឺបង្ហាញថា ពួកគេបានបរាជ័យយ៉ាងអាម៉ាស់បំផុត នោះមានន័យថាពួកគេដឹងថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងមិនចាត់វិធានការអ្វីតាមការញុះញង់របស់ក្រុមប្រឆាំងនេះទេ។ ពួកគេដើរតាមក្រុមហ៊ុននីមួយៗ នឹងគ្មានលទ្ធផលអ្វីឡើយ ធ្វើឱ្យប្រជាជនកាន់តែស្អប់ ពួកគេដូចជាការបង្កើតចលនាសង្គ្រោះជាតិជាចលនាឧទ្ទាម ញុះញង់ឱ្យមានការបះបោរ ហិង្សាប្រឆាំងនឹងកម្ពុជាជាដើម។

សូមបងប្អូនចំណាំឱ្យបានច្បាស់អ្នកទាំងនេះហើយដែលជាជនក្បត់ជាតិ ហើយ បានធ្វើនយោបាយបំផ្លាញជាតិ និងប្រជាជនខ្លួនឯង ជាជនលក់ឧត្តមគតិជាតិ។ តាមទំហំ និងទង្វើបំផ្លាញផលប្រយោជន៍ជាតិដែលក្រុមនេះធ្វើ ជនទាំងឡាយដែលបាន និងកំពុងនៅក្រៅប្រទេស ធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា គួរតែអាជ្ញាធររាជរដ្ឋាភិបាលកំណត់ជនទាំងឡាយនោះជាបុគ្គលដែលមិនគួរស្វាគមន៍ (persona non grata) ដូចដែល កម្ពុជាបានធ្វើប្រឆាំងនឹងជនវង្វេងជាតិ ហុង លីម នៅប្រទេសអូស្ត្រាលីដែរ។ ម្យ៉ាងទៀតសូមរាជរដ្ឋាភិបាលពន្លឿនដំណើរការ កំណែទម្រង់រដ្ឋធម្មនុញ្ញដើម្បីកម្ពុជាអាចចាត់វិធានការប្រឆាំងនឹងជនទាំងឡាយដែលដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរ ធ្វើទង្វើទុច្ចរិតបំផ្លាញផល ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងត្រូវដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរបំផុត៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨