Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស៊ាន ប៉េងសែ ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ នៅប្រទេសបារាំង

24-01-2018 07:49

(ភ្នំពេញ)៖ លោក ស៊ាន ប៉េងសែ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និង សិប្បកម្ម ក្នុងរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង នៅទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសបារាំង)។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក។

យោងតាមការបញ្ជាក់របស់គណៈកម្មការនេះ សពរបស់លោក ស៊ាន ប៉េងសែ នឹងត្រូវបូជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ថា លោក ស៊ាន ប៉េងសែ កើតនៅ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ គាត់មានភរិយា ជាក្មួយ សម្តេច ប៉ែន នុត និងមានកូន ៤នាក់។ លោក ស៊ាន ប៉េងសែ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម នៅថ្ងៃ២២ ខែតុលា ឆ្នាំ១៩៧៣ ក្នុងរបបសាធារណរដ្ឋរបស់លោក លន់ នល់ ដែលកើតចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៧០។

ចាប់តាំងពីឆ្នាំ១៩៩៩មក លោកបានក្លាយជាស្ថាបនិកគណៈកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក ហើយតែងតែធ្វើការរិះគន់ជាប់ជានិច្ចលើបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន៕